ដោយៈ ម៉ាណា
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់អញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធជើងហោះហើរត្រង់ និងផ្ទាល់ជាលើកដំបូងរវាងរាជធានីអាប៊ុយដាប៊ី “Abu Dhabi” នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម មកកាន់រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា របស់ក្រុមហ៊ុនអាកាសចរណ៍ពិភពលោក Etihad Airways ចាប់ពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥។
ពិធីនេះមានការចូលរួមពីលោក Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអេមីរ៉ាតអារ៉ាប់រួមប្រចាំកម្ពុជា លោកជា អូន រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ លោក Arik De ជា Chief Revenue and Commercial Officer of Etihad Airways, លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) និងមន្រ្តីពាក់ព័ន្ឋ។
ក្នុងសុន្ទរកថាអបអរសាទរ នាឱកាសដ៏មានសារៈសំខាន់ដល់វិស័យទេសចរណ៍ និងអាកាសចរណ៍ស៊ីវិល លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា វត្តមានរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមួយនេះ មិនគ្រាន់តែជាការតភ្ជាប់ផ្លូវអាកាស រវាងរាជធានីភ្នំពេញ និងរាជធានីអាប៊ុយដាប៊ី “Abu Dhabi” ប៉ុណ្ណោះទេ តែជាការស្ពានមិត្តភាពសហប្រតិបត្តិការដ៏រឹងមំា និងការចែករំលែកវិបុលភាពរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសអេមីរ៉ាតអារ៉ាប់រួម ព្រមទាំងការនាំប្រទេសកម្ពុជា សក្តានុពលទេសចរណ៍ និងវិនិយោគកម្ពុជាដល់ប្រជាជននៃប្រទេសអេមីរ៉ាតអារ៉ាប់រួម និយាយដោយឡែក និងដល់ប្រជាជននៅតំបន់មជ្ឈិមបូព៌ានិយាយជារួម។
Etihad Airways គឺជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមួយ របស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម (United Arab Emirates) ដែលមានមូលដ្ឋាននៅរាជធានី Abu Dhabi។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៣ និងក្លាយជាផ្នែកសំខាន់ក្នុងការផ្លាស់ប្តូររាជធានី Abu Dhabi ឱ្យក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍អន្តរជាតិ។ ក្រុមហ៊ុនអាកាសចរណ៍កម្រិតពិភពលោកមួយនេះ មានជើងហោះហើរត្រង់រវាងរាជធានីអាប៊ូដាប៊ី (Abu Dhabi)-រាជធានីភ្នំពេញចំនួន៤ជើងក្នុងមួយសប្តាហ៍ ពោល គឺរៀងរាល់ថ្ងៃចន្ទ អង្គារ ព្រហស្បតិ៍ និងសៅរ៍៕











