ក្រសួងពាណិជ្ជកម្មពង្រឹងធនធានមនុស្សទាក់ទងការចុះបញ្ជី ពាណិជកម្មតាមថ្នាលឌីជីថល

ក្រសួងពាណិជ្ជកម្មពង្រឹងធនធានមនុស្សទាក់ទងការចុះបញ្ជី ពាណិជកម្មតាមថ្នាលឌីជីថល
ក្រសួងពាណិជ្ជកម្មពង្រឹងធនធានមនុស្សទាក់ទងការចុះបញ្ជី ពាណិជកម្មតាមថ្នាលឌីជីថល

ដោយៈ គង់ ម៉ាលីន

    ភ្នំពេញៈ រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម លោកវ៉េង សុធីបានអញ្ជើញធ្វើអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការចុះបញ្ជីពាណិជ្ជកម្មតាមថ្នាលបច្ចេកវិទ្យាឌីជីថល និងច្បាប់សហគ្រាសពាណិជ្ជកម្ម”។

សិក្ខាសាលានេះរៀបចំដោយវិទ្យាស្ថាន បណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ សហការជាមួយនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម និងមានសិក្ខាកាមចូលរួមប្រមាណ៧៦នាក់ (ស្រី្ត ២៣នាក់) មកពីមន្ទីរពាណិជ្ជកម្មទាំង២៥ រាជធានី-ខេត្ត និងបណ្តាក្រុមហ៊ុនឯកជននានាផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តិទៅចាប់ពីថ្ងៃអង្គារទី៣០ ខែកញ្ញាដល់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ក្នុងគោលបំណងជំរុញការលើកកម្ពស់ការចុះបញ្ជីពាណិជ្ជកម្ម ទាំងសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ ព្រមទាំងដើម្បីជំរុញការចុះបញ្ជីពាណិជកម្ម នៅកម្ពុជា។

ថ្លៃងក្នុងអង្គពិធី លោកវ៉េង សុធីបានលើកឡើងថា ការចុះបញ្ជីពាណិជ្ជកម្ម តាមថ្នាលបច្ចេកវិទ្យាឌីជីថលនេះ គឺជាការបង្កើតប្រព័ន្ធចុះបញ្ជីកែប្រែថ្មី ដោយបានតភ្ជាប់ជាមួយថ្នាល CamDX ដែលមានមុខងារសម្រាប់ចុះបញ្ជីកែប្រែចំនួន១០មុខងារ រួមមាន៖

(១)-ការស្នើសុំកែប្រែផ្លាស់ប្ដូរអាសយដ្ឋានរបស់ក្រុមហ៊ុន ឬសហគ្រាស

(២)-ការស្នើសុំកែប្រែសកម្មភាពអាជីវកម្ម។

(៣)-ការកែប្រែលក្ខន្តិកៈក្រុមហ៊ុន

(៤)-ការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន

(៥)-មុខងារការកែប្រែនាមករណ៍ក្រុមហ៊ុនសហគ្រាស

(៦)-ការកែប្រែព័ត៌មានលម្អិតអភិបាល

(៧)-ការកែប្រែព័ត៌មានលម្អិតម្ចាស់សហគ្រាស

(៨)-ការកែប្រែព័ត៌មានលម្អិតម្ចាស់ភាគហ៊ុន

(៩)-ការកែប្រែសមាសភាពអ្នកគ្រប់គ្រងសាខា ឬការិយា​ល័យតំណាងក្រុមហ៊ុនបរទេស

(១០)-ការបញ្ឈប់អាជីវកម្មជាស្ថាពរសម្រា​ប់ការលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្ម។

ការចុះបញ្ជីនេះ អាចបង់កម្រៃសេវា តាមរយៈប្រព័ន្ធធនាគារអេប៊ីអេ អេស៊ីលីដា កាណាឌីយ៉ា និងKHQR និងការធ្វើប្រតិភូកម្មជូនទៅបណ្តាខេត្តជាប់ព្រំដែនចំនួន១៦ ខេត្ត មានសិទ្ធិចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់ឌី (CO Form D) ដើម្បីសម្រួលដល់សកម្ម​ភាពធុរកិច្ច និងការនាំចេញកសិផល ។

លោករដ្ឋលេខាធិការ ក៏បានលើកឡើងអំពីច្បាប់ស្តីពីវិសោធនកម្មស្តីពីសហគ្រាសពាណិជ្ជកម្ម ដែលបានដាក់ឱ្យប្រើប្រាស់ កាលពីឆ្នាំ២០២២ ដោយច្បាប់នេះមានគោលបំណងកំណត់ ទម្រង់នៃសហគ្រាសពាណិជ្ជកម្ម ដែលជាសហគ្រាសឯកបុគ្គល ក្រុមហ៊ុនសហកម្មសិទ្ធិ និងក្រុមហ៊ុនមូលធន ដែលធ្វើពាណិជ្ជកម្មនៅកម្ពុជា។

ក្នុងនោះ ក្រុមហ៊ុនសហកម្មសិទ្ធិ មានក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ និងក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត ចំណែកក្រុមហ៊ុនមូលធនមានក្រុមហ៊ុនឯកជន ទទួលខុសត្រូវមានកម្រិត និងក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត៕

LEAVE A REPLY

Please enter your comment!
Please enter your name here