ដោយៈ និស្ស័យ
ម៉ាឡេស៊ិៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់បានជួបពិភាក្សាការងារជាមួយ លោក YB DATO Sri Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ ម៉ាឡេស៊ី ដែលជាប្រធាននៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីទេសចរណ៍អាស៊ានឆ្នាំ២០២៥។
ក្នុងឱកាសនៃជំនួប លោកហួត ហាក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន លោកYB DATO Sri Tiong King Sing ចំពោះបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ របស់ប្រទេសម្ចាស់ផ្ទះ ចំពោះគណៈប្រតិភូកម្ពុជា។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរៀបចំទិវាទេសចរណ៍ពិភពលោក សន្និសិទទេសចរណ៍ពិភពលោក ឆ្នាំ២០២៥ និងភាពជាអ្នកដឹកនាំរបស់លោក YB DATO Sri Tiong King Sing ដែលជាប្រធានកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីទេសចរណ៍អាស៊ានឆ្នាំ២០២៥ ដោយព្រឹត្តិការណ៍អន្តរជាតិទាំងបីនេះបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយភាពជោគជ័យ។
ក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ កាលពីថ្ងៃទីទី៣ ខែកញ្ញា ឆ្នាំ២០១៩។
នាឱកាសនៃកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ប្រធានស្ថាប័នជាតិទេសចរណ៍ នៃប្រទេសទាំងពីរ ក៏បានរៀបចំកិច្ចប្រជុំក្រុមការងាររួមស្តីពី កិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ម៉ាឡេស៊ី លើកទី១ ដើម្បីអនុវត្តអនុស្សរណៈយោគយល់គ្នានេះ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
ជាមួយនឹងការអបអរសាទរ ចំពោះការដាក់ចេញយុទ្ធនាការ “ទស្សនាម៉ាឡេស៊ី ឆ្នាំ២០២៦” រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ មានជំនឿយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ កម្ពុជា និង ម៉ាឡេស៊ី នឹងកាន់តែលើកកម្ពស់បន្ថែមមួយកម្រិតទៀត ដើម្បីជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ។
នៅឆ្នាំ២០២៤ ភ្ញៀវទេសចរម៉ាឡេស៊ីមកទស្សនាកម្ពុជា មានចំនួន ៩៤.២៦០នាក់ កើនឡើង៧,៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។ ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២៥, ភ្ញៀវទេសចរម៉ាឡេស៊ី មានចំនួន៦៦.២៩៨នាក់ កើនឡើង៨,៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤៕









