ការតាំងពិព័រណ៍ផលិតផលចិននៅកម្ពុជា ឆ្នាំ២០២៥បានចាប់ផ្តើមនៅទីក្រុងកោះពេជ្រ

ដោយៈ និស្ស័យ

ភ្នំពេញៈ ពិព៌ណពាណិជ្ជកម្មចិនធំមួយ បានប្រារពធ្វើឡើងនៅរាជធានីភ្នំពេញ ជាមួយផលិតផលចម្រុះ និងសម្បូរបែប។

លោកសំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីនេះ រួមជាមួយនឹងវត្តមានលោកឧក​ញ៉ា បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណា​ង​ដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស និងថ្លែងសុន្ទរកថាស្វាគមន៍ ក្នុងពិធីបើក “សម្ពោធជាផ្លូវការនៃការតាំងពិព័រណ៍ ផលិតផលចិននៅកម្ពុជា ឆ្នាំ២០២៥”និងមន្រ្តីពាក់ព័ន្ឋជាច្រើន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការតាំងពិព័រណ៍នេះប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលតាំងពិពណ៌ និងសន្និបាតកោះពេជ្រ ដែលមានការអញ្ជើញចូលរួម ដាក់តាំងបង្ហាញពីផលិតផល ក្នុងវិស័យគ្រឿងបន្លាស់យានយន្ត គ្រឿងអេឡិចត្រូនិច ផលិតផលវាយនភ័ណ្ឌ និងផលិតផលជាច្រើន ដោយមានសហគ្រាសមកពីប្រទេសចិនជាង១០០សហគ្រាស និងអ្នកវិនិយោគចិនជាច្រើនចូលរួម ដើម្បីស្វែងរកដៃគូពាណិជ្ជកម្ម និងដៃគូសហការក្នុងការនាំចូល និងវិនិយោគក្នុងប្រទេសកម្ពុជា។

ក្នុងឱកាសនោះផងដែរ ឧកញ៉ា បណ្ឌិតាន់ មុនីវណ្ណ បានមានប្រសាសន៍ថា ការតាំងពិពណ៌នៅពេលនេះ គឺប្រទេសចិនបានជាប់ចំណាត់ថ្នាក់ ជាដៃគូពាណិជ្ជកម្មធំជាងគេបំផុត នៅក្នុងប្រទេសកម្ពុជាអស់រយៈពេល១២ឆ្នាំជាប់គ្នា និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម និងការវិនិយោគ។

លោកបញ្ជាក់ថា “ការសហការរវាងកម្ពុជា-ចិន ក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក៏កាន់តែជិតស្និទ្ធឡើង ហើយទំនិញចិនមានតម្រូវការជាច្រើននៅក្នុងទីផ្សារកម្ពុជា”។

លោកបន្តថា ក្នុងឆ្នាំនេះ ព្រឹត្តិការណ៍តាំងពិព័រណ៍ដ៏សំខាន់នេះ នឹងបង្កើតជាវេទិកា សម្រាប់តាំងបង្ហាញពីផលិតផល ក្នុងវិស័យគ្រឿងបន្លាស់យានយន្ត គ្រឿងអេឡិចត្រូនិច និងផលិផលវាយនភ័ណ្ឌ និងផលិតផលជាច្រើនទៀត ដោយមានសហគ្រាសមកពីប្រទេសចិន និងប្រទេសកម្ពុជា ព្រមទាំងអ្នកវិនិយោគចិន និងកម្ពុជាជាច្រើនបានចូលរួម ដើម្បីស្វែងរកដៃគូពាណិជ្ជកម្ម និងដៃគូសហការក្នុងការនាំចូល និងវិនិយោគនៅក្នុងប្រទេសកម្ពុជា។

លោកឧកញ៉ាបានបន្តថា នេះក៏ជាឱកាសលើកកម្ពស់ការវិនិយោគកម្ពុជា-ចិនដើម្បីលើកទឹកចិត្តឱ្យ សហគ្រាសចិន ចូលមកវិនិយោគនៅកម្ពុជា និងជួយទាក់ទាញសហគ្រាសកម្ពុជា ឱ្យស្វែងរកដៃគូជាមួយវិនិយោគិនចិន ដើម្បីបង្កើតឱកាសសហការ ដ៏មានប្រសិទ្ធភាពសម្រាប់ការតភ្ជាប់អាជីវកម្ម ការបង្កើតដៃគូវិនិយោគ និងការចែករំលែកចំណេះដឹង ដែលទាំងអស់នេះសុទ្ធតែមានសារៈសំខាន់ សម្រាប់ការរីកចម្រើនប្រកបដោយចីរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here