ដោយៈ ចំណាន
ប្រទេសចិនៈ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លោករ័ត្ន សុវណ្ណនរៈ បានអញ្ជើញថ្លែងសុន្ទរកថាក្នុងព្រឹត្តិការណ៍ “វេទិកាសហប្រតិបត្តិការនិងអភិវឌ្ឍន៍ហិរញ្ញវត្ថុចិន-អាស៊ាន”។
វេទិកានេះរៀបចំឡើងនៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃពិព័រណ៍ចិន-អាស៊ានលើកទី២២ ដែលរៀបចំឡើងដោយរដ្ឋាភិបាលចិននិងអាស៊ាន ចាប់ពីថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៥។
លោកទេសាភិបាលរង បានរំលេចអំពីទំនាក់ទំនងពាណិជ្ជកម្មចិន-អាស៊ាន ដែលបច្ចុប្បន្នជាដៃគូពាណិជ្ជកម្មធំបំផុតរវាងគ្នានិងគ្នា។ ឯកឧត្តមក៏បានលើកសរសើរ ចំពោះការប្តេជ្ញាចិត្តរបស់ចិន-អាស៊ាន ក្នុងការបន្តបើកទូលាយពាណិជ្ជកម្ម និងពហុភាគីនិយម ដើម្បីសម្រេចបាននូវគោលដៅរួមនៃការបង្កើនវិបុលភាព បន្ទាប់ពីការបញ្ចប់កិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ៣.០ (CAFTA 3.0) បើទោះបីជាមានការកើនឡើង នៃនិន្នាការគាំពារនិយមនៅបណ្តាតំបន់ផ្សេងៗលើពិភពលោកក៏ដោយ។
ទាក់ទងនឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ក្នុងតំបន់រវាងចិននិងអាស៊ាន លោកបានលើកឡើងនូវចំណុចសំខាន់ៗចំនួន៤ ដែលរួមមាន ១/. ការទូទាត់រូបិយវត្ថុក្នុងស្រុក ២/. ការតភ្ជាប់ប្រព័ន្ធទូទាត់ ៣/. ហិរញ្ញវត្ថុបៃតង និង ៤/. សំណាញ់សុវត្ថិភាពហិរញ្ញវត្ថុក្នុងតំបន់។
លោកបានកត់សម្គាល់អំពីវឌ្ឍនភាព និងការដាក់សំណើថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីជាប្រយោជន៍រួមសម្រាប់ចិន-អាស៊ាន។ កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរបស់ធនាគារជាតិនៃកម្ពុជា សម្រាប់ហិរញ្ញវត្ថុបៃតង ការទូទាត់រូបិយវត្ថុក្នុងស្រុក និងការតភ្ជាប់ប្រព័ន្ធទូទាត់ ក៏ត្រូវបានចែករំលែក និងពិភាក្សា នៅក្នុងវេទិកានេះផងដែរ៕








