ដោយៈ និស្ស័យ
ភ្នំពេញៈ អ្នកធុរកិច្ចមកពីប្រទេសចំនួនជាង១០ បាននាំមកនូវផលិតផលជាង២០០មុខ ដើម្បីដាក់ក្នុងស៊េរីពិព័រណ៍អន្តរជាតិ ដែលរៀបចំឡើងនៅទីក្រុងកោះពេជ្រ។
ពិព៌ណនេះមានការតាំងបង្ហាញ ផលិតផលសម្រាប់វិស័យកសិកម្ម សត្វចិញ្ចឹម នេសាទ និងវាវីប្បកម្ម គ្រឿងសម្អង ឱសថស្ថាន មន្ទីរពិសោធន៍ ឧបករណ៍វេជ្ជសាស្រ្ត អាហារ និងភេសជ្ជៈ និងឧស្សាហកម្មសត្វចិញ្ចឹម នៅប្រទេសកម្ពុជា។
ឧកញ៉ា បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមជាភ្ញៀវកិត្តិយស និងថ្លែងសុន្ទរកថា ក្នុងពិធីបើក “សម្ពោធជាផ្លូវការនៃស៊េរីពិព័រណ៍អន្តរជាតិ សម្រាប់វិស័យកសិកម្ម សត្វចិញ្ចឹម នេសាទ និងវាវីប្បកម្ម គ្រឿងសម្អង ឱសថស្ថាន មន្ទីរពិសោធន៍ ឧបករណ៍វេជ្ជសាស្រ្ត អាហារ និងភេសជ្ជៈ និងឧស្សាហកម្មសត្វចិញ្ចឹម នៅប្រទេសកម្ពុជា ដែលក្រោមអធិបតីភាព លោកវ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ព្រមមានការអញ្ជើញ ចូលរួមពីមន្រ្តីពាក់ព័ន្ឋ។
ស៊េរីពិព័រណ៍អន្តរជាតិនេះ ប្រព្រឹត្តទៅរយះពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី ១៧ដល់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅ មជ្ឈមណ្ឌលតាំងពិពណ៌ និងសន្និបាតកោះពេជ្រ។
ក្នុងឱកាសនោះដែរ ឧកញ៉ា បណ្ឌិត បានលើកឡើងថា ការតាំងពិព័រណ៍អន្តរជាតិនៅពេលនេះ គឺរៀបចំឡើង ស្របតាមការអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏សកម្មរបស់កម្ពុជា នៅលើវិស័យកសិកម្ម ដែលជាឆ្អឹងខ្នងសំខាន់នៃសេដ្ឋកិច្ចជាតិ ជាមួយនឹងការរីកចម្រើនលើ ផលិតផលគ្រឿងសម្អាង ឱសថស្ថាន មន្ទីរពិសោធន៍ ឧបករណ៍វេជ្ជសាស្ត្រ ចំនីអាហារ និង ភេសជ្ជៈ និងព្រមទាំងឧស្សាហកម្មសត្វចិញ្ចឹមនៅកម្ពុជា ដែលកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលនេះជាឱកាសដ៏ល្អ សម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងការពង្រឹងអាជីវកម្មឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ក្នុងឆ្នាំនេះ ពិព័រណ៍អន្តរជាតិបានប្រមូលផ្តុំ យីហោលើសពី200 មកពីបណ្តាលប្រទេស និងតំបន់ជាង10 ដែលមានការចូលរួមពីកម្ពុជា សាធារណរដ្ឋឆែក ចិន ឥណ្ឌា កូរ៉េខាងត្បូង ម៉ាឡេស៊ី ប៉ាគីស្ថាន កោះតៃវ៉ាន់ ប្រទេសហូឡង់ វៀតណាម និងប្រទេសផ្សេងទៀត ដែលបង្ហាញឱ្យឃើញយ៉ាងច្បាស់ ពីកម្រិតទំនុកចិត្តអន្តរជាតិ ចំពោះទីផ្សារកម្ពុជា។ តាមរយៈការបង្រួបបង្រួមវិស័យទាំងអស់នេះ ពិព័រណ៍បានបង្កើតឱកាសសហការ ដ៏មានប្រសិទ្ធភាពសម្រាប់ការតភ្ជាប់អាជីវកម្ម ការបង្កើតដៃគូ ការវិនិយោគ និងការចែករំលែកចំណេះដឹងដែលទាំងអស់ សុទ្ធតែមានសារៈសំខាន់សម្រាប់ការរីកចម្រើ ប្រកបដោយចីរភាព និងសមត្ថភាពប្រកួតប្រជែង៕









