ទំហំពាណិជ្ជកម្មកម្ពុជាជាមួយប្រទេសជាសមាជិកRCEPសម្រេចបានជាង៦៦០០លានដុល្លារ

ដោយៈ ម៉ាណា

    ភ្នំពេញៈ ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយប្រទេសជា​សមាជិក​នៃ​​ព្រម​ព្រៀង​ភាព​ ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់​(RCEP) ក្នុង​រយៈ​ពេល៨ខែ​ឆ្នាំ​២០២៥ មាន​ទឹក​ប្រាក់​ជាង៦,៦ពាន់​លាន​ដុល្លារ កើត​ឡើង​ជិត១០​% បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៤។ នេះ​បើ​យោង​តាម​ក្រសួង​ពាណិជ្ជកម្ម​។

RCEP គឺ​ជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម ​រវាង​ប្រទេស​សមាជិក​អាស៊ាន​ទាំង១០ រួម​ជាមួយ​នឹង​ប្រទេស​ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង​នូវែលហ្សេឡង់។ កិច្ច​ព្រមព្រៀងនេះ​​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ២០១២។ គោល​បំណង​នៃ​កិច្ច​ព្រមព្រៀង​នេះ ធ្វើឡើង​ដើម្បី​បន្ទាប​អត្រា​ពន្ធគយ បើក​ឱ្យ​មាន​ការ​ធ្វើ​ពាណិជ្ជកម្ម​លើ​ផ្នែក​សេវាកម្ម និង​លើក​កម្ពស់​ការ​វិនិយោគ​ ដើម្បី​ជួយ​ដល់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ឱ្យ​​តាម​ទាន់​ប្រទេស​ដទៃ​ទៀត​នៅ​លើ​ពិភពលោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ច​ព្រមព្រៀង​នេះ ​រួម​បញ្ចូល​ប្រជាពលរដ្ឋ​ប្រហែល២,២ ពាន់​លាន​នាក់ ដោយ​ប្រទេស​ជា​សមាជិក ​នៃ​កិច្ច​ព្រមព្រៀង​នេះ​មាន​ផលិត​ផល​ក្នុង​ស្រុក​សរុបGDP ​ស្មើ​ប្រហែលជិត​៣០% នៃGDP សរុប​នៅ​លើ​ពិភពលោក។

RCEP បាន​ចូល​ជាធរ​មាននៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី ​១ ខែមករា ឆ្នាំ ២០២២​។​

ទិន្នន័យបាន​បង្ហាញ​ថា ចន្លោះ​ពី​ខែ​​មករា-សីហា​ ឆ្នាំ​២០២៤ កម្ពុជា​បាន​នាំ​ចេញ​ទំនិញ ​ទៅ​បណ្តា​ប្រទេសសមាជិក RCEP ក្នុង​ទឹក​ប្រាក់​សរុប ៦,​៦៣ ​ពាន់​លាន​ដុល្លារ​ កើន​ឡើង៩,៥%​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០២៤។

ប្រទេស​សមាជិក​RCEP ដែល​ទទួល​ទិញ​ទំនិញ​ពី​កម្ពុជាច្រើន​ជាង​គេ គឺ​វៀតណាម ចិន ជប៉ុន ​ថៃ និង​កូរ៉េខាងត្បូង។

ទន្ទឹម​នឹង​ការ​នាំ​ចេញ​នេះ កម្ពុជា​ក៏​បាន​នាំ​ចូល​ទំនិញ​ពី​ក្រុមប្រទេស​សមាជិកRCEP ក្នុង​ទឹក​ប្រាក់ប្រមាណ១៩,៧២ លាន​ដុល្លារផងដែរ ដោយ​កើនឡើងជិត១៧% ដែល​ភាគ​ច្រើន​នាំមក​ពី​ប្រទេស​ចិន វៀតណាម ថៃ សិង្ហបុរី និង​ប្រទេស​ឥណ្ឌូនេស៊ី។

អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម លោក ប៉ែន សុវិជាតិ ធ្លាប់​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា កិច្ចព្រមព្រៀងRCEP កំពុង​ចូល​រួម​ចំណែក​យ៉ាង​ច្រើន​ ក្នុង​ការ​ជំរុញ​សកម្ម​ភាព​ ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា តាម  រយៈ​ការបង្កើនសមត្ថភាព​នាំ​ចេញ-នាំចូល​ទំនិញ​​រវាង​ប្រទេស​សមាជិក​ទាំង ១៥។

​លោក​បានបន្ត​ថា អត្ថ​ប្រយោជន៍​ដែល​កម្ពុជា ​ទទួល​បាន​ពី​កិច្ច​ព្រម​ព្រៀង​នេះ រួម​មាន​ការ​អនុ​គ្រោះ​ពន្ធ​លើ​ទំនិញ​ផ្សេងៗ ការ​ផ្ទេរ​បច្ចេក​វិទ្យា ការ​អភិវឌ្ឍ​ជំនាញ និង​ឱកាស​ការងារ​ដែល​ជំរុញ​ដោយ​ការ​វិនិ​យោគ​ផ្ទាល់​ពី​បរទេស​(FDI)​​។​

លោកបានបញ្ជាក់ថា “អត្ថប្រយោជន៍ ដែលRCEP បានផ្ដល់មកកម្ពុជា គឺមានទំហំធំធេងណាស់ សម្រាប់ការនាំចេញរបស់កម្ពុជា ក៏ដូចជា ការបង្កើនពាណិជ្ជកម្មពិភពលោក ​ដែលជាការរួមចំណែកមួយ សម្រាប់ការនាំចេញ និងនាំចូល នៃបណ្ដាប្រទេស RCEP”៕

LEAVE A REPLY

Please enter your comment!
Please enter your name here