ដោយៈ ម៉ាណា
ប្រទេសចិនៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជាបានចែករំលែកពីការរីកចម្រើន និងវឌ្ឈនភាពនៃប្រព័ន្ឋទូទាត់សាច់ប្រាក់នៅកម្ពុជា។
លោកជំទាវបានថ្លែងបែបនេះ នៅពេលអញ្ជើញធ្វើជាវាគ្មិន ក្នុងកិច្ចពិភាក្សាលើប្រធានបទស្តីពី “តួនាទីរបស់ធនាគារកណ្ដាលលើចំណេះដឹងផ្នែកហិរញ្ញវត្ថុ បរិយាបន្នហិរញ្ញវត្ថុនិងបរិវត្តកម្មឌីជីថល”នៅក្នុងសន្និសីទ Banking Summit Asia របស់ស្ថាប័នព័ត៌មានហិរញ្ញវត្ថុដ៏ល្បីលើពិភពលោក Financial Times នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នៅទីក្រុងហុងកុង ប្រទេសចិន។
នៅក្នុងកម្មវិធី ដែលមានការចូលរួមពីនាយកប្រតិបត្តិជាន់ខ្ពស់នៃធនាគារធំៗនៅក្នុងតំបន់អាស៊ីនេះ លោកជំទាវបានចែករំលែកពីបទពិសោធរបស់កម្ពុជា ក្នុងការពង្រីកវិសាលភាព នៃការផ្គត់ផ្គង់សេវាហិរញ្ញវត្ថុជូនប្រជាពលរដ្ឋ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍ និងរំលេចពីអត្ថប្រយោជន៍ នៃការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ជាពិសេសនៅតំបន់ជនបទ។
បន្ថែមលើនេះ លោកជំទាវក៏បានលើកឡើង ពីការអភិវឌ្ឍនិងការប្រើប្រាស់យ៉ាងទូលំទូលាយ នូវប្រព័ន្ធទូទាត់បាគង ដែលអនុញ្ញាតឱ្យកម្ពុជាឈានជើងចេញ ពីការទូទាត់បែបប្រពៃណី និងវិវត្តន៍ឆ្ពោះទៅការទូទាត់បែបទំនើប តាមបច្ចេកវិទ្យាចុងក្រោយ សំដៅជួយជំរុញនិងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ព្រមទាំងសេវាធនាគារឌីជីថល។
នាឱកាសនោះដែរ លោកជំទាវ ក៏បានទាញចំណាប់អារម្មណ៍វិនិយោគិនស្ថាប័នធំៗ អំពីសក្តានុពលវិនិយោគនៅកម្ពុជាផងដែរ៕








