ដោយៈ ម៉ាណា
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មបាន និងកំពុងសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការFAO ដើម្បីរៀបចំកសាងកេរ្តិ៍ឈ្មោះ និងចុះបញ្ជី “ស្វាយចន្ទីកំពង់ធំ” និង “ស្វាយកែវរមៀតឧត្តរមានជ័យ” ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ។
ការចុះបញ្ជីរនេះ ស្ថិតក្រោមគម្រោងភាពជាដៃគូររវាងរដ្ឋ សហគមន៍ និងវិស័យឯកជន ដើម្បីកសិកម្មមានលក្ខណៈភាតរបរិស្ថាន និងជីវភាពប្រជាជនមានភាពធន់នៅខាងជើងបឹងទន្លេសាប (គម្រោង គជ់ឬ Pearl) និងគំនិតផ្តួចផ្តើមប្រទេសមួយ ផលិតផលអាទិភាពមួយ(OCOP) និងបាននិងកំពុងសហការ ជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ដើម្បីរៀបចំកសាងកេរ្តិ៍ឈ្មោះ និងចុះបញ្ជី “ក្តាមថ្មកោះកុង” ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញផងដែរ។
ព័ត៌មាននេះ ត្រូវបានលើកឡើងដោយលោកវ៉េង សុធី រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម ដែលបានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “កម្មសិទិ្ធបញ្ញា៖ ទិដ្ឋភាពទូទៅអត្ថប្រយោជន៍ ការការពារទ្រព្យកម្មសិទ្ធិបញ្ញា និងនីតិវិធីនៃការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ”។
ក្នុងឱកាសនោះ លោករដ្ឋលេខាធិការបានថ្លែងថា បច្ចុប្បន្នម៉ាកសម្គាល់ភូមិសាស្ត្រ ទំនិញរបស់កម្ពុជាមានចំនួន៨ម៉ាក រួមមាន៖
១- ម្រេចកំពត
២- ស្ករត្នោតកំពង់ស្ពឺ
៣- ក្រូចថ្លុងកោះទ្រង់
៤- ទឹកឃ្មុំព្រៃមណ្ឌលគិរី
៥- អំបិលកំពតកែប
៦- ទឹកត្រីកំពតកែប
៧- បង្កងតាកែវ និង
៨- ប្រហុកសៀមរាប ដោយបានផ្តល់ឱ្យកសិករនូវការបណ្តុះបណ្តាលផ្នែកគ្រប់គ្រង បច្ចេកទេសវេចខ្ចប់ នវានុវត្តន៍ផលិតផល និងប្រព័ន្ធត្រួតពិនិត្យ ដែលធ្វើឱ្យផលិតផល ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញទទួលតម្លៃបន្ថែម និងមានតម្រូវការទីផ្សារខ្ពស់ ដែលបានចូលរួមចំណែកក្នុងការជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសារ របស់កសិករខ្នាតតូច និងមធ្យមជាច្រើន។
លោកបន្តថា ចាប់តាំងពីការចុះបញ្ជីម៉ាក សម្គាល់ភូមិសាស្ត្រទំនិញ ម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ នៅឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្ន ឃើញថា កសិករផលិត ផ្ទៃដីដាំដុះម្រេច ចំនួនដើមត្នោត និងក្រុមហ៊ុនកែច្នៃវេចខ្ចប់ មានការកើនឡើងគួរឱ្យកត់សម្គាល់ និងមានតម្រូវការទីផ្សារក្នុងស្រុកខ្ពស់ និងបាននាំចេញទៅកាន់ បណ្តាប្រទេសនានាជាច្រើន។
លោកបន្ថែមថា ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ និងអំបិលកំពតកែប ដែលបានចុះបញ្ជីការពារនៅអន្តរជាតិ និងអំបិលកំពតកែប (កំពុងបន្តនីតិវិធីចុះបញ្ជីនៅសហភាពអឺរ៉ុប) បានទប់ស្កាត់ការក្លែងបន្លំ និងកសាងកេរ្តិ៍ឈ្មោះផលិតផលកម្ពុជា នៅអន្តរជាតិឱ្យមានភាពល្បីល្បាញឱ្យក្លាយជាគោលដៅទេសចរណ៍៕









