ដោយៈ ម៉ាណា
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកជំទាវចម និម្មលបានអញ្ជើញចូលរួម ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា(MOU) រវាងក្រុមហ៊ុនចិន និងកម្ពុជា ដើម្បីជំរុញការនាំចេញបន្លែ ផ្លែឈើកម្ពុជាទៅកាន់ទីផ្សារខេត្តហឺណាន ក្នុងទំហំទឹកប្រាក់៣០លានដុល្លារ ក្នុងរយៈពេល២ឆ្នាំខាងមុខ។
ពិធីនេះក៏មានការចូលរួម ពីលោកZheng Haiyang អភិបាលរងខេត្តហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តហឺណាន។
លោកជំទាវរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះ លោក Zheng Haiyang អភិបាលរងខេត្តហឺណាន ដែលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិការវាងកម្ពុជា- ចិនឱ្យកាន់តែស៊ីជម្រៅលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ក្នុងទិសដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តហឺណាន ជាពិសេសលើការនាំចេញ ផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។
ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានបង្ហាញអំពីការគាំទ្រ និងលើកទឹកចិត្តឱ្យវិនិយោគិនចិន មកបណ្តាក់ទុនធ្វើប្រតិបត្តិការអាជីវកម្មឱ្យកាន់តែច្រើនឡើងបន្ថែមទៀតនៅកម្ពុជា ជាពិសេសក្នុងវិស័យមានសក្តានុពលខ្ពស់ ដែលអាចថ្ពក់ទៅនឹងខ្សែច្រវាក់ផលិតកម្ម នៅប្រទេសចិនដូចជា៖ កសិកម្មទំនើប ឧស្សាហកម្មកែច្នៃចំណីអាហារ វិស័យយានយន្ត អេឡិចត្រូនិក និងបច្ចេកវិទ្យាឌីជីថល ជាដើម។
លោកជំទាវរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យវិស័យឯកជន នៃប្រទេសទាំងពីរ ទាញយកប្រយោជន៍ឱ្យបានជាអតិបរមា ពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ដើម្បីបន្តកិច្ចសហការ និងឈានដល់ការចុះអនុស្សរណៈជាបន្តបន្ទាប់រវាងប្រទេសទាំងពីរ៕









