ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីអង្គការនៃបណ្តាប្រទេសនាំចេញប្រេង (OPEC+) បានឯកភាពបង្កើនការផលិតប្រេងក្នុងបរិមាណតិចជាងមុនចាប់ពីខែតុលាខាងមុខ ស្របពេលមានការរំពឹងទុកថា តម្រូវការប្រេងឆៅសកលនឹងធ្លាក់ចុះ។
អង្គការ OPEC + បានប្រកាសបង្កើនការផលិតប្រេងចំនួន១៣៧.០០០បារ៉ែលក្នុងមួយថ្ងៃចាប់ពីខែតុលា។ តួលេខនេះមានការថយចុះ បើធៀបនឹងការបង្កើនការផលិតប្រេងប្រហែល៥៥៥.០០០បារ៉ែលក្នុងមួយថ្ងៃ សម្រាប់ខែសីហា និងខែកញ្ញា។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៣៤សេនដល់៦៥,៨៤ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0047 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង៣០សេនដល់៦២,១៧ដុល្លារក្នុងមួយបារ៉ែល៕







