ដោយៈ ម៉ាណា
ប្រទេសរុស្ស៊ីៈ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានចូលរួមជាមួយមន្រ្តីមកពីប្រទេសចំនួន៣៤ទៀត នៅក្នុងវេទិកាវេទិកាប្រចាំឆ្នាំ រៀបចំឡើងក្នុងគោលបំណង លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងផ្នែកបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់។
ភាគីកម្ពុជាដឹកនាំដោយលោក លឹម ផាន់ភារៈ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមក្នុងវេទិកាសេដ្ឋកិច្ចភាគខាងកើតលើកទី១០ (10th Eastern Economic Forum) ជាវេទិកាប្រចាំឆ្នាំ រៀបចំឡើងក្នុងគោលបំណង លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងផ្នែកបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់ ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់រដ្ឋាភិបាល ធុរជន តំណាងអង្គការសង្គមស៊ីវិល និងគ្រឹះស្ថានឧត្តមសិក្សា ពីបណ្តាប្រទេសប្រមាណ៣៥ ជុំវិញពិភពលោក ព្រមទាំងមន្រ្តីជំនាញ និងអនុព័ន្ធពាណិជ្ជកម្មកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ីផងដែរ។
ក្នុងអំឡុងវេទិកាសេដ្ឋកិច្ច ភាគខាងកើតលើកទី១០ នេះ លោកអនុរដ្ឋលេខាធិការ បានអញ្ជើញចូលរួមជាវាគ្មិន ក្នុងកិច្ចពិភាក្សាធុរកិច្ចរុស្ស៊ី-អាស៊ាន ដោយបានធ្វើការកត់សម្គាល់ ពីទំនាក់ទំនងវិជ្ជមានរវាងតំបន់ទាំងពីរ ដោយយោងតាមស្ថិតិរបស់អាស៊ាន ពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០២៤ មានចំនួន១៧ពាន់លានដុល្លារ កើន១២% បើធៀបនឹងឆ្នាំ២០២៣ ដែលការណ៍នេះ ធ្វើឱ្យរុស្ស៊ីក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់អាស៊ាន។
ក្នុងឱកាសនោះ លោកអនុរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមជំរុញកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌអាស៊ាន-រុស្ស៊ី តាមរយៈការចូលរួមផ្តល់ធាតុចូលលើសេចក្តីព្រាង នៃកម្មវិធីយុទ្ធសាស្រ្តអាស៊ាន -រុស្ស៊ីស្តីពីពាណិជ្ជកម្ម និងវិនិយោគ សម្រាប់ឆ្នាំ២០២៦-២០៣៥ ក៏ដូចជាការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្ម ការធានានិងការលើកទឹកចិត្តវិនិយោគ និងសិ្ថរភាពម៉ាក្រូសេដ្ឋកិច្ច។
បន្ថែមពីនេះ លោកលឹម ផាន់ភារៈ ក៏បានចូលរួមក្នុងជំនួបពិភាក្សាការងារជាមួយ លោកIvan Polyakov ប្រធានក្រុមប្រឹក្សាធុរកិច្ចរុស្ស៊ី-អាស៊ាន ដោយបានជម្រាបជូនអំពីកាលានុវត្តភាព និងអត្ថប្រយោជន៍នៃការវិនិយោគនៅកម្ពុជា រួមមាន ការលើកទឹកចិត្តនិងកិច្ចគាំពារវិនិយោគ ការទទួលបានទីផ្សារនាំចេញទូលំទូលាយ ជាមួយនឹងការអនុគ្រោះពន្ធគយ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាសម្រេចបាន ដើម្បីស្នើសុំលោកប្រធានក្រុមប្រឹក្សា អាចបន្តផ្សព្វផ្សាយជូនដល់បណ្តាក្រុមហ៊ុន ដែលជាសមាជិករបស់ខ្លួន ព្រមទាំងបានស្នើសុំជួយផ្សព្វផ្សាយ អំពីកសិផលកម្ពុជាទៅកាន់ទីផ្សាររុស្ស៊ី និងសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី រួមមាន អង្ករ គ្រាប់ស្វាយចន្ទី ដំឡូងមី ម្រេច ពោត កៅស៊ូ។-ល-។
លោកអនុរដ្ឋលេខាធិការ ក៏ត្រូវបានអញ្ជើញចូលរួមពិភាក្សាការងារជាមួយក្រុមជំនាញរបស់ Roscongress International ដើម្បីពិនិត្យលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ តាមរយៈការរៀបចំវេទិកាធុរកិច្ចរួមគ្នានៅកម្ពុជា និងការរៀបចំស្តង់ពិព័រណ៌ ក្នុងកម្មវិធីអន្តរជាតិប្រចាំឆ្នាំ ដូចជា វេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg និងវេទិកាសេដ្ឋកិច្ចភាគខាងកើតនេះផ្ទាល់៕









