ដោយៈ ម៉ាណា
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកវ៉េង សុធីបាន អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ស្ថិតិពាណិជ្ជកម្ម និងការប្រើប្រាស់ឧបករណ៍វីភាគទីផ្សារ”។
ក្នុងឱកាសនោះ លោករដ្ឋលេខាធិការបានថ្លែងថា ស្ថិតិពាណិជ្ជកម្មមានសារៈសំខាន់ណាស់ក្នុងការវិភាគ ការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ច ការរៀបចំធ្វើផែនការយុទ្ធសាស្រ្ត ការរៀបចំគោលនយោបាយ និងសម្រាប់បម្រើដល់ការសម្រេចចិត្ត ក្នុងការធ្វើវិនិយោគគម្រោងណាមួយ ដោយផ្អែកលើទិន្នន័យពាណិជ្ជកម្ម ដែលមានលក្ខណៈសុក្រិត្យត្រឹមត្រូវ។
លោកបន្តថា ស្ថិតិពាណិជ្ជកម្ម ទាមទារនូវការសិក្សាអំពីតម្រូវការទីផ្សារសកល និងទីផ្សារសក្តានុពល សម្រាប់ផលិតផលជាក់លាក់ណាមួយ ដោយពិនិត្យមើលសូចនាករពាណិជ្ជកម្ម ទំហំនៃទីផ្សារនាំចេញ-នាំចូល កំណើននៃការនាំចេញ-នាំចូល និងឯកតាថ្លៃ។
លោកបន្ថែមថា ការសិក្សាអំពីប្រតិបត្តិការ ធ្វើពាណិជ្ជកម្មរបស់ប្រទេសមួយ ការកំណត់ដៃគូប្រកួតប្រជែងសំខាន់ៗ វិភាគអំពីអត្រាពន្ធប្រព្រឹត្តិកម្មប្រជាជាតិ(MFN) ពន្ធអនុគ្រោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ និងទ្វេភាគី និងប្រព័ន្ធអនុគ្រោះពន្ធទូទៅ(GSP) ក្នុងការនាំចេញ ដើម្បីទទួលបានអត្រាពន្ធចេញអនុគ្រោះជាអតិបរមា ព្រមទាំងសិក្សាអំពីលក្ខខណ្ឌតម្រូវការច្រកចូលទីផ្សារ៖ របាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម ស្តង់ដា គុណភាពទំនិញ អនាម័យនិងភូតគាមអនាម័យ (SPS) សុវត្ថិភាព អនុលោមភាព បទប្បញ្ញាត្តិបច្ចេកទេស និងវិធានដើមកំណើតទំនិញជាដើម៕









