មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មពិភាក្សាពីការលើកកំពស់ទំនាក់ទំនងពាណិជ្ជកម្មជាមួយភាគីអាហ្រ្វិកខាងត្បូង

ដោយៈ ចំណាន

    ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោករដ្ឋ សារ៉ាវុធ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកDarkey Ephriam Africa ឯកអគ្គរដ្ឋទូតអាហ្រ្វិកខាងត្បូងប្រចាំកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

លោករដ្ឋលេខាធិការ បានទទួលស្វាគមន៍ឯកឧត្តមឯកអគ្គរដ្ឋទូតយ៉ាងកក់ក្តៅ និងជម្រាបជូនអំពីភាពបំពេញបន្ថែម ផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងយន្តការសំខាន់ៗមួយចំនួន ដែលត្រូវអនុវត្ត សំដៅពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូត បានលើកឡើងនូវសំណើបង្កើតឱ្យមានអនុស្សរណៈនៃការយោគយល់គ្នា  ដើម្បីបង្កើនការដោះដូរទំនិញសក្តានុពលទៅវិញ ទៅមករវាងប្រទេសទាំងពីរ នាពេលខាងមុខ ជាពិសេសការនាំចេញទំនិញកសិកម្ម សក្តានុពលរបស់ខ្លួនមកកម្ពុជា រួមមាន៖ ផ្លែប៉ោម ដូង សារី និងប៊្លូបឺរីជាដើម។

ជាកិច្ចឆ្លើយតប លោករដ្ឋលេខាធិការ បានស្វាគមន៍លើសំណើទាំងនេះ និងស្នើភាគីទាំងពីរគួរពិនិត្យលទ្ធភាព សម្របសម្រួលរៀបចំជំនួបធុរកិច្ចរវាងវិស័យឯកជន និងពិព័រណ៍ពាណិជ្ជកម្ម ជាពិសេសពាក់ព័ន្ធនឹងទំនិញអង្ករ ដែលជាតម្រូវការរបស់ភាគីអាហ្វ្រិកខាងត្បូង។

លោករដ្ឋ សារ៉ាវុធក៏បានស្នើឯកអគ្គរដ្ឋទូត ជួយផ្សព្វផ្សាយអំពីសក្តានុពលវិនិយោគ និងធុរកិច្ចនៅកម្ពុជា ជូនដល់វិនិយោគិន និងធុរជនអាហ្រ្វិកខាងត្បូង ដើម្បីអាចទាញយកអត្ថប្រយោជន៍ពាណិជ្ជកម្មជាអតិបរមា ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី តំបន់និងទ្វេភាគីរបស់កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here