ដោយ៖ ម៉ាណេត
ភ្នំពេញ៖ បច្ចេកវិទ្យាឌីជីថល បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញការធ្វើការពាណិជ្ជកម្មរបស់កម្ពុជា ខណៈហេដ្ឋរចនាសម្ព័ន្ធឌីជីថលនៅកម្ពុជា ត្រូវបានមើលឃើញថាមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលចុងក្រោយ។
លោកស៊ាន មនោរិទ្ធសេដ្ឋវិទូវ័យក្មេងប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានថ្លែងសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលោកទី៧ ឆ្នាំ២០២០ ក្រោមប្រធានបទ “ការពិភាក្សាលើមូដែលអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា” នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ថា បច្ចេកវិទ្យាឌីជីថលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពប្រចាំថ្ងៃ ដោយកាត់បន្ថយពេលវេលាក្នុងការងារ និងការធ្វើពាណិជ្ជកម្ម។
លោកបានថ្លែងថា “ការធ្វើពាណិជ្ជកម្មជាមួយដៃគូអន្តរជាតិរបស់កម្ពុជាមានកំណើនគួរកត់សម្គាល់ក្នុងរយៈពេលពីរទសវត្តរ៍ចុងក្រោយ ដោយវិស័យបច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម និងការធ្វើពាណិជ្ជកម្មជាមួយដៃគូអន្តរជាតិ”។
លោកបានបន្តថា “កម្ពុជាបានដាក់ចេញនីតិវិធីមួយចំនួន តាមរយៈវេទិកាឌីជីថល ដូចជាវិញ្ញាបនប័ត្រប្រភពដើមទំនិញ ការចុះបញ្ជីក្រុមហ៊ុន ការចុះបញ្ជីម៉ាកពាណិជ្ជកម្ម និងការចុះបញ្ជីអាជីវម្មអនឡាញជាដើម”។
លោកបានឱ្យដឹងទៀតថា ហេដ្ឋរចនាសម្ព័ន្ធឌីជីថលនៅកម្ពុជាមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលចុងក្រោយ ប៉ុន្តែវានៅមានកម្រិត បើធៀបនឹងប្រទេសជិតខាង។
នៅក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២០ ទំហំនៃការនាំចេញទំនិញរបស់កម្ពុជានៅតែរក្សាបានកំណើនវិជ្ជមាន ទោះបីជាសេដ្ឋកិច្ចសកល រំពឹងថា នឹងមានកំណើនអវិជ្ជមាន និងបណ្តាប្រទេសដៃគូពាណិជ្ជកម្ម កំពុងជួបបញ្ហាប្រឈមនៃការរីករាលដាលនៃវីរុសកូវីដ១៩ក៏ដោយ។
យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ការធ្វើពាណិជ្ជកម្មនាំចេញរបស់កម្ពុជា គិតត្រឹមរយៈពេល៩ខែ ឆ្នាំ២០២០ នេះ មានទំហំទឹកប្រាក់ប្រមាណជាង១៣,២ពាន់លានដុល្លារ បានកើនឡើង១៩% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។
ទំនិញដែលមានកំណើនការនាំចេញខ្ពស់មានដូចជា អង្ករ កង់ គ្រឿងអគ្គិសនី និងផលិតផលកសិកម្មមួយចំនួន ជាពិសេស សណ្តែក គ្រាប់ស្វាយចន្ទី និងចេក។ ចំណែកពាណិជ្ជកម្មនៃការនាំចូលវិញ បើគិតត្រឹមរយៈពេល៨ខែ ឆ្នាំ២០២០ ការនាំចូលមានទំហំទឹកប្រាក់សរុបជាង១១ម៉ឺនលានដុល្លារអាមេរិក ដោយបានធ្លាក់ចុះក្នុងអត្រាអវិជ្ជមានប្រមាណ១១,១៦%៕







