បំណុលសាធារណៈនៅកម្ពុជាមានទំហំទឹកប្រាក់ជាង១២ពាន់លានដុល្លារ តែស្ថិតក្នុងការគ្រប់គ្រងបានល្អ

ដោយៈ ម៉ាណា

    ភ្នំពេញៈ សន្និធិ​បំណុល​សា​ធា​​រណៈ​របស់​កម្ពុជា ​គិត​ត្រឹម​ចុង​​ឆមាស​ទី​១ ឆ្នាំ ​២០២៥ មាន​ប្រមាណ​១២​ប៊ី(ពាន់)លាន​ដុល្លារ​អាមេរិក ដែល​ចំនួន​នេះ​​ស្ថិត​ក្នុង​ភាព​អាច​គ្រប់​គ្រង​បាន។

ទំហំបំណុលនេះ​នៅ​តែ​មាន​ “ចីរភាព” ​និង​ “ហានិភ័យ​កម្រិត​ទាប”។ សម្រាប់​រយៈ​ពេល៦​ខែ ​ដើម​ឆ្នាំ​២០២៥ ​រដ្ឋាភិបាល​​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ឥណទាន​ ជាមួយ​ដៃគូ​អភិវឌ្ឍនានាក្នុង​ទឹក​ប្រាក់​សរុប​ជិត២០០​លាន​ដុល្លារ​អាមេរិក ​​ថយចុះ​​ជិត៤០% បើ​ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០២៤។ នេះ​បើយោង​តាមរបាយការណ៍របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងឯកសារ​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា​ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក អូន ព័ន្ធមុនីរ័ត្ន ក្នុង​ថ្ងៃ​ទី​២៦ ខែសីហា បង្ហាញ​ថា ដោយ​គិត​ទាំង​បំណុល​មរតក នៅត្រឹម​​ដំណាច់ឆមាស​ទី​១ ឆ្នាំ​២០២៥ កម្ពុ​ជាមាន​សន្និធិ​បំណុល​សាធារណៈ​សរុប​​១២,៦៧ ​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុងនោះ៩៩% ​ត្រូវ​នឹង​ប្រមាណ ១២,៥៤ ​ពាន់​លាន​ដុល្លារ​អាមេរិក ជា​បំ​​ណុល​សាធារណៈ​ក្រៅប្រទេស​ (​ក្របខ័ណ្ឌ​ទ្វេភាគី ៦១% និង​ពហុភាគី៣៩%​ភាគ​​រយ​) និង១% ​ត្រូវ​នឹង​ប្រមាណ១២៨,៥ ​លាន​ដុល្លារ​អាមេរិក ជា​បំណុល​សាធារណៈ​ក្នុងប្រទេស​។​

​សមាសភាគ​បំណុល​សាធារណៈ​ទាំង​​នោះ ​រួមមាន ៤៦% ​ជា​ដុល្លារ​អាមេរិក ចំនួន១៨​% ​ជា​អេស​ដេ​អ៊ែរ​។ ១១​% ​ជា​​យ៉េន​ជប៉ុន, ១០​% ​ជាយ័ន​ចិន។ ៨​% ​ជា​អឺរ៉ូ​ និង៧%​ទៀត​ ជា​រូបិយវត្ថុ​ជាតិ និង​រូបិយប័ណ្ណ​ផ្សេងៗ​។​

ឯកសារដដែលបាន​​បញ្ជាក់ថា ​ឥណទាន​(ប្រាក់​កម្ចី)​ទាំងនេះ​សុទ្ធសឹង​ជា​ឥណទាន ​មាន​កម្រិត​សម្បទាន​ខ្ពស់ ដោយមាន​ធាតុ​អំណោ​យ​ជា​មធ្យម​ប្រមាណ៣៦%​។ គោលដៅ​នៃ​ការចុះ​កិច្ចព្រមព្រៀង​ឥណទាន​ថ្មី​ទាំងនេះ គឺ​សម្រាប់​បំពេញតម្រូវការ​ហិរញ្ញប្បទាន​ក្នុង​វិស័យ​អាទិ​​ភាព​របស់​រដ្ឋាភិបាល ​សំដៅ​រួមចំណែក​ទ្រទ្រង់​ចីរភាព​នៃ​កំណើន​រយៈពេល​វែង និង​បង្កើន​ផលិតភាព​សេដ្ឋកិច្ច ឬ​ផលិតភាព ផលិតកម្ម​។​

ទន្ទឹម​នឹង​ការ​ចុះ​កិច្ច​ព្រមព្រៀង​ឥណទានខាងលើ រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងឆមាស​ទី​១ ឆ្នាំ​២០២៥ ក៏​បាន​ធ្វើ​ការ​ទូទាត់​សេវា​បំណុល​បាន​សរុប​ចំនួន ២៩៦,៩៥​លាន​ដុល្លារ​​អាមេរិកផងដែរ ដោយ​រួម​មាន៖ ១.ក្របខណ្ឌ​បំណុល​សាធារណៈ ​ក្រៅ​ប្រទេសមាន​ប្រមាណ ២៦៧,៧ លាន​ដុល្លារ​អាមេរិក(ប្រាក់ដើម ២១២,៣ លាន​ដុល្លារ​អាមេរិក។ ​ការ​ប្រាក់ និង​ប្រាក់​កម្រៃផ្សេងៗ ៥៥,៤​លាន​ដុល្លារ​អាមេរិក) និង ២.ក្របខណ្ឌ​បំណុល​សាធារណៈក្នុង​ប្រទេស មាន​ប្រមាណ ២៩,២៥ លាន​ដុល្លារ​អាមេរិក​(ប្រាក់​ដើម ២៦,៨២លាន​ដុល្លារ​អាមេរិក និង​ការ​ប្រាក់ ២,៤៤​លាន​ដុល្លារ​អាមេរិក)។

ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​បាន​បញ្ជាក់​ថា បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​ទៅ ការ​ទូទាត់​សេវា​បំណុល​សរុប​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៥ នេះ​មាន​កំណើន២៩ភាគរយ”។

ឧបនាយកដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​​វត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បាន​អះអាងថា ស្ថានភាព​បំណុល​សាធារណៈ​ប​ច្ចុ​​ប្បន្ន​របស់​កម្ពុជា​នៅតែ​ត្រូវបាន​វាយ​​តម្លៃ​ថា ​ស្ថិតនៅក្នុង​ភាព​អាច​គ្រប់គ្រង​បាន​ពោល គឺ​នៅតែមាន​ “​ចីរភាព​” ​និង​ “​ហានិភ័យ​កម្រិត​ទាប​”។លោកបន្ថែមថា​ “រាជរដ្ឋាភិបាលបាន​អនុវត្ត​ន៍ ប្រកបដោយ​ភាព​ម៉ឺងម៉ាត់​ និង​ប្រយ័ត្ន​ប្រយែងខ្ពស់​ នូវ​វិធានការជា​យុទ្ធសាស្រ្តនានា ​ដែល​បាន​ដាក់​ចេញ​ក្នុង​យុទ្ធសាស្រ្ត​ស្តីពី ​ការ​គ្រប់​គ្រង​បំណុល​សាធារណៈ​ជាបន្ត​បន្ទាប់”។

លោក​បញ្ជាក់ថា​ ​ការរក្សាបាន​ចីរភាព​បំណុល​សាធារណៈ​នេះ គឺ​វា​អាស្រ័យ​ដោយ​កម្ពុ​ជា មាន​ប្រព័ន្ធ​គ្រប់​​គ្រង​បំណុល​សាធារណៈ​ដ៏​រឹងមាំ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here