ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានស្ថិតក្នុងសភាពទ្រឹងក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានកើនឡើងជាង១ភាគរយកាលពីថ្ងៃអង្គារម្សិលមិញ ក្រោយពេលសហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើបណ្តាញក្រុមហ៊ុនដឹកជញ្ជូន និងកប៉ាល់ដឹកប្រេងរបស់លោក Waleed Khaled Hameed al-Samarra’i ដែលជាអ្នកជំនួញអុីរ៉ាក់។
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចោទប្រកាន់ថា ក្រុមហ៊ុនខាងលើបានរត់ពន្ធប្រេងរបស់អុីរ៉ង់មកក្លែងប្រភពថា ជាប្រេងរបស់ប្រទេសអុីរ៉ាក់ និងបានផ្តល់ប្រាក់ចំណូលយ៉ាងច្រើនដល់អុីរ៉ង់ពីការលក់ប្រេងឆៅ។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ១សេនមកនៅត្រឹម៦៩,១៣ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0032 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង៤សេនដល់៦៥,៦៣ដុល្លារក្នុងមួយបារ៉ែល៕







