ដោយៈ ម៉ាណា
ភ្នំពេញៈ ប្រទេសកម្ពុជា-វៀតណាម កំពុងខិតខំជំរុញសកម្មភាពពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែមមាញឹកបន្ថែមទៀត ស្របពេលទំហំពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេល៧ខែឆ្នាំ២០២៥នេះ សម្រេចបានជិត៥ពាន់លានដុល្លារ។
ថ្លែងនៅក្នុង “កម្មវិធីជំរុញពាណិជ្ជកម្មកម្ពុជា-វៀតណាម” ដែលរៀបចំនៅកម្ពុជា កាលពីសប្តាហ៍មុន លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បាននិយាយថា ទំនាក់ទំនងដ៏ល្អរវាងរដ្ឋាភិបាល និងប្រជាជនកម្ពុជា-វៀតណាម កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យបោះជំហានទៅមុខកាន់តែលឿននៅគ្រប់វិស័យ។
លោកបានថ្លែងថា “វេទិកាជំរុញពាណិជ្ជកម្មកម្ពុជា-វៀតណាម ពិតជាមានតម្លៃ និងជាឱកាសដែលអនុញ្ញាតឱ្យភាគីទាំង២ បានជួបគ្នា និងរួមគ្នាដោះស្រាយបញ្ហាប្រឈម ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យយុទ្ធសាស្ត្រនានា ឱ្យបានកាន់តែល្អប្រសើរ ជាពិសេសវិស័យសក្តានុពលដូចជា កសិកម្ម កសិ-ឧស្សាហកម្ម ភស្តុភារកម្ម និងការអភិវឌ្ឍខ្សែច្រវាក់ផ្គត់ផ្គង់”។
បន្ថែមលើនេះ លោក ស៊ាង ថៃ ក៏បានលើកឡើងពីការប្រែប្រួលដ៏លឿននៃបរិបទភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចសកល ដែលតម្រូវឱ្យប្រទេសនីមួយៗ ត្រូវខិតខំកសាងមិត្តភាព និងទំនុកចិត្តជាមួយគ្នាទៅវិញទៅមក តាមរយៈការកសាងបណ្តាញពាណិជ្ជកម្មឆ្លងដែនប្រកបដោយប្រសិទ្ធភាព ការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងបង្កើនតម្លៃបន្ថែមនៃផលិតកម្មកសិកម្ម ដែលកិច្ចខិតខំប្រឹងប្រែងទាំងនេះ ពិតជាមានសារៈសំខាន់សម្រាប់កំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពប្រជាជន។
យោងតាមក្រសួងពាណិជ្ជកម្ម កម្មវិធីជំរុញពាណិជ្ជកម្មកម្ពុជា-វៀតណាម គឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់សហគ្រិន ពាណិជ្ជករ អាជីវករ និងធុរជន កម្ពុជា-វៀតណាម មានឱកាសបានសិក្សាស្វែងយល់ ចែករំលែកគំនិត បង្កើតភាពជាដៃគូពាណិជ្ជកម្ម រវាងពាណិជ្ជករនៃប្រទេសទាំងពីរ ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា និងជំរុញកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម ឱ្យបោះជំហានទៅមុខកាន់តែលឿនបន្ថែមទៀត។
ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង លោក សុក រ៉ាដូ បានលើកឡើងថា ជំនួបពាណិជ្ជកម្មនេះ គឺដើម្បីពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការធុរកិច្ច ពាណិជ្ជកម្ម និងកៀងគរការវិនិយោគ តាមរយៈការផ្គូរផ្គង ចាប់ដៃគូពាណិជ្ជកម្ម ក៏ដូចជាការផ្លាស់ប្ដូរបទពិសោធន៍ក្នុងដំណើរការពាណិជ្ជកម្ម ផលិតកម្ម និងការកែច្នៃ ក៏ដូចជាឱកាសពិសេសមួយ ក្នុងការដាក់បង្ហាញផលិតផលទៅវិញ ទៅមករវាងកម្ពុជា-វៀតណាម។
យោងតាមទិន្នន័យកត់ត្រា ដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)បានបង្ហាញថា ក្នុងរយៈពេល៧ ខែ (មករា-កក្កដា) ឆ្នាំ ២០២៥ ការនាំចូល នាំចូលទំនិញរវាងកម្ពុជា-វៀតណាម មានទឹកប្រាក់សរុប៤,៩៥ ពាន់លានដុល្លារ កើនឡើង៧,៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំនួននេះកម្ពុជានាំទំនិញទៅវៀតណាម ២,៤៣ ពាន់លានដុល្លារ កើនឡើង ១០,៤% ចំណែកវៀតណាមនាំមកវិញ ២,៥១ ពាន់លានដុល្លារ កើន ៤,៨%៕










