ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ធនាគារ ជីប ម៉ុង បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីលើកកម្ពស់វិស័យកសិកម្ម តាមរយៈការផ្តល់កម្ចីទៅសមាជិករបស់សហគមន៍កសិកម្មទំនើប នៅក្នុងអត្រាការប្រាក់ពិសេស និងមិនតម្រូវឱ្យមានទ្រព្យបញ្ចាំ។
អនុស្សរណៈនៃការយោគយល់នេះ ត្រូវបានចុះហត្ថលេខាដោយអ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង និងលោកឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
តាមព័ត៌មានរបស់ធនាគារនេះបានឲ្យដឹងថា កិច្ចសហប្រតិបត្តិការនេះ ជាជំហានថ្មីមួយដ៏សំខាន់ សម្រាប់ធនាគារ ជីប ម៉ុង ក្នុងការចូលរួមលើកកម្ពស់វិស័យកសិកម្មជាតិ ឲ្យកាន់តែរីកចម្រើន ស្របទៅតាមទស្សនវិស័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ធនាគារ ជីប ម៉ុង បានបង្ហាញការប្តេជ្ញាចិត្តចូលរួម ក្នុងការផ្តល់ហិរញ្ញប្បទាន ទៅតាមតម្រូវការសហគមន៏ ដើម្បីចូលរួមអភិវឌ្ឍសហគមន៍កសិកម្មទំនើប ក៏ដូចជាអភិវឌ្ឍសេដ្ឋកិច្ចជនបទ ឈានទៅដល់ការសម្រចគោលដៅសេដ្ឋកិច្ចជាតិ ឱ្យកាន់តែមានភាពឯករាជ្យ រឹងមាំ និងទទួលបាននិរន្តន៍ភាព៕









