ជំនួបពិភាក្សាការងារជាមួយប្រធានកម្មវិធីពង្រឹងភាពប្រកួតប្រជែងសហគ្រាសជាតិ (ICONE) របស់ទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ)

ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយបណ្ឌិត ស្ទេហ្វាន់ ហាន់សែលម៉ាន់ ប្រធានកម្មវិធី ICONE និងក្រុមការងារ ដើម្បីពិភាក្សាអំពីទិសដៅនៃការអនុវត្តកម្មវិធី ICONE នៅកម្ពុជា។ សូមបញ្ជាក់ជូនថា កម្មវិធី ICONE ដំណាក់កាលទី១ ត្រូវបានអនុវត្តរយៈពេលជាង ៣ឆ្នាំមកហើយ ដោយចាប់ផ្ដើមអនុវត្តកាលពីខែមេសា ឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់នៅខែមីនា ឆ្នាំ២០២៦ ខាងមុខ។ ដើម្បីបន្តពង្រឹងភាពប្រកួតប្រជែងរបស់វិស័យឯកជនកម្ពុជាឱ្យកាន់តែខ្លាំងក្លា និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ទីភ្នាក់ងារ GIZ កំពុងសិក្សាអំពីការបន្តកម្មវិធី ICONE ទៅដំណាក់កាលទី២។

នាឱកាសនេះ ឯកឧត្តមអគ្គលេខាធិការ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់កម្មវិធី ICONE ដែលបាន និងកំពុងអនុវត្តយ៉ាងជោគជ័យនូវគម្រោងរបស់ខ្លួននាខេត្តគោលដៅចំនួនបីនៃប្រទេសកម្ពុជា រួមមាន បាត់ដំបង បន្ទាយមានជ័យ និងសៀមរាប។ ឯកឧត្តមអគ្គលេខាធិការ បានលើកឡើងអំពីលទ្ធភាពនៃការពង្រីកវិសាលភាពនៃការអនុវត្តកម្មវិធីនេះទៅកាន់ខេត្តដទៃដែលមានសក្ដានុពលផ្នែកកសិកម្ម ព្រមទាំងរំលេចអំពីវិស័យសក្ដានុពលមួយចំនួនដែលអាចពិចារណាបញ្ចូលក្នុងកម្មវិធី ICONE ដំណាក់កាលទី២ មានដូចជា វិស័យឧស្សាហកម្មឈើដាំ ការកែច្នៃកៅស៊ូ និងការកែច្នៃកាកសំណល់ក្នុងស្រុក ជាដើម។ ឯកឧត្តមអគ្គលេខាធិការបានថ្លែងអំណរគុណ និងបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងដល់កម្មវិធី ICONE របស់ទីភ្នាក់ងារ GIZ ដែលបានបន្តការចូលរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច នៅកម្ពុជា។

បណ្ឌិត ស្ទេហ្វាន់ ហាន់សែលម៉ាន់ បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គលេខាធិការដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបពិភាក្សាការងារ និងបានទទួលយកនូវការលើកឡើងរបស់ឯកឧត្តមអគ្គលេខាធិការសម្រាប់ធ្វើជាធាតុចូលដើម្បីក្រុមការងារមានមូលដ្ឋានសម្រាប់ពិចារណា និងសិក្សាលម្អិតដាក់ក្នុងកម្មវិធី ICONE ដំណាក់កាលទី២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here