ការចរចាកិច្ចព្រមព្រៀងវិនិយោគរវាងចិននិងអឺរ៉ុបជាប់គាំង បន្ទាប់ពីចិនទាមទារគ្រប់គ្រងថាមពលនុយក្លេអ៊ែរ

ដោយ: សុខុម

ក្រុងបែរឡាំង: ការចរចារវាងចិន និងសហភាពអឺរ៉ុប ជុំវិញកិច្ចព្រមព្រៀងវិនិយោគមួយបានជាប់គាំងនៅដំណាក់កាលចុងក្រោយ ដោយសារប្រទេសចិន បានបន្ថែមការទាមទាររបស់ខ្លួនលើថាមពលនុយក្លេអ៊ែរ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Taipei Times កាលពីថ្ងៃទី២៥ ធ្នូ ដែលបានដកស្រង់លេខចុះផ្សាយរបស់ទស្សនាវដ្ដីអាល្លឺម៉ង់ WirtschaftsWoche កាលពីថ្ងៃពុធ ទី២៣ ខែធ្នូ។

ថាមពលនុយអ្លេអ៊ែរ ជាបញ្ហាដ៏ចម្រូងចម្រាសក្នុងចំណោមប្រទេសជាសមាជិករបស់សហភាពអឺរ៉ុប ពីព្រោះការវិនិយោគបែបនេះ អាចនឹងដាក់ហេដ្ឋារចនាសម្ព័ន្ធដ៏រសើបឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទស្សនាវដ្ដី WirtschaftsWoche បានដកស្រង់ប្រភពពីខាងសហភាពអឺរ៉ុប ដែលលើកឡើងថា “ប្រទេសចិន ចង់វិនិយោគលើរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊េររបស់អឺរ៉ុប ហើយប្រើប្រាស់បច្ចេកវិទ្យារបស់ចិន ដើម្បីគ្រប់គ្រងវា។

ទស្សនាវដ្ដីដដែលបានចុះផ្សាយទៀតថា អំឡុងពេលចរចា ប្រទេសចិន បានបង្អួតដល់សមភាគីអឺរ៉ុបថា បច្ចេកវិទ្យារបស់ខ្លួនក្នុងវិស័យនេះជឿនលឿនជាង។

ប្រទេសមួយចំនួនដែលជាសមាជិកនៃសហភាពអឺរ៉ុប បានច្រានចោលថាមពលនុលក្លេអ៊ែរ ឬបានសម្រេចចិត្តដកខ្លួនចេញពីបច្ចេកវិទ្យានេះក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

យោងតាមក្រុមមន្ត្រីអាល្លឺម៉ង់ និងសហភាពអឺរុប ឱ្យដឹងថា សហភាពអឺរ៉ុប និងចិន មានបំណងសម្រេចឱ្យបានកិច្ចព្រមព្រៀងវិនិយោគមួយត្រឹមដំណាច់ឆ្នាំនេះ ដែលនឹងអនុញ្ញាតឱ្យបណ្ដាក្រុមហ៊ុនរបស់សហភាពអឺរ៉ុប ឈានជើងចូលរកស៊ីក្នុងទីផ្សារចិន។

កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយសហភាពអឺរ៉ុប-ចិន ស្ដីពីការវិនិយោគ (EU-China Comprehensive Agreement on Investment) នឹងធ្វើឱ្យក្រុមហ៊ុនភាគច្រើនរបស់សហភាពអឺរ៉ុប មានឱកាសរកស៊ីដោយស្មើភាពនៅក្នុងប្រទេសចិន ដែលជាការបោះជំហានទៅមុខយ៉ាងធំនៅក្នុងការស្ដារទំនាក់ទំនងចិន-សហភាពអឺរ៉ុប បន្ទាប់ពីការផ្ទុះវីរុសកូវីដ-១៩ នៅក្នុងប្រទេសចិន និងការបង្ក្រាបពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំង ទៅលើក្រុមបាតុករនៅក្រុងហុងកុង ដែលជាអតីតអាណានិគមរបស់អង់គ្លេស។

ទោះជាយ៉ាងណា គេមើលឃើញថា កិច្ចព្រមព្រៀងនេះអាចធ្វើឱ្យល្អក់កករដល់ទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិចជាមួយការជិតចូលកាន់អំណាចរបស់ប្រធានាធិបតីទើបជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ចូ បៃឌិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here