ដោយៈ ម៉ាណា
ភ្នំពេឍញៈ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលហ្វីលីពីន បានរៀបចំ កិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំលើកទីពីរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ។
កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកបណ្ឌិត Eli Remolona ទេសាភិបាល ធនាគារកណ្តាលហ្វីលីពីន នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នៅខេត្តBohol ប្រទេសហ្វីលីពីន ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។
ថ្នាក់ដឹកនាំនៃធនាគារកណ្តាលទាំងពីរ បានពិភាក្សាផ្លាស់ប្តូរទស្សនាទាន និងបទពិសោធលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ច វិស័យធនាគារ ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន។
នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាព លើកិច្ចសហការពន្លឿនការតភ្ជាប់គម្រោងទូទាត់ឆ្លងដែន ទ្វេភាគីតាមឃ្យូអរកូត ដែលគ្រោងដាក់ឱ្យដំណើរការ ក្នុងពេលឆាប់ៗខាងមុខ ដើម្បីជួយសម្រួលដល់ការដោះដូរពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរថែមទៀត៕











