ដោយៈ ម៉ាណា
ភ្នំពេញៈ ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សា ពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់កម្ពុជា បានជួបជាមួយលោក Aik Htun ប្រធានមជ្ឈមណ្ឌលជំរុញធុរកិច្ចអន្តរជាតិរបស់មីយ៉ាន់ម៉ា នៅសភាពាណិជ្ជកម្មកម្ពុជា។
ថ្លែងក្នុងកិច្ចប្រជុំនេះ ឧកញ៉ា លឹម សុជាតិ បានស្វាគមន៍វិនិយោគិន និងធុរជនមីយ៉ាន់ម៉ា មកស្វែងយល់អំពីកាលានុវត្តភាព និងសក្តានុពលនៅកម្ពុជា ក្នុងវិស័យអចលនទ្រព្យ ផលិតកម្ម និងកសិពាណិជ្ជកម្មនៅកម្ពុជា។
ឧកញ៉ាបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ របស់ប្រតិភូ មីយ៉ាន់ម៉ាគឺជាឱកាសដ៏ល្អមួយ សម្រាប់ការចាប់ផ្តើមកិច្ចសហប្រតិបត្តិការជោគជ័យជាច្រើន ដែលនឹងពង្រឹងយ៉ាងសំខាន់ នូវចំណងសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋសហភាពមីយ៉ាន់ម៉ា។
លោក Aik Htun បានថ្លែងអំណរគុណ ដោយបានលើកឡើង អំពីគោលបំណងនៃទស្សនកិច្ចនេះ និងសង្ឃឹមយ៉ាងមុតមាំអំពីកិច្ចសហប្រតិបត្តិការ និងការវិនិយោគរវាងកម្ពុជា និងមីយ៉ាន់ម៉ានាពេលអនាគត៕









