គម្រោងវិនិយោគ៧ ក្រោមទុន៣៥០លានដុល្លារ នឹងបោះទីតាំងវិនិយោគនៅក្នុងខេត្តចំនួន៤

លោក ជា វុទ្ធី អគ្គលេខាធិការគណៈ កម្មាធិការវិនិយោគកម្ពុជា នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំ“កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី១១ ក្នុងឆ្នាំ២០២៥ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គម្រោងវិនិយោគទាំងនោះ មានទុនវិនិយោគសរុបប្រមាណ ៣៥០លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៤ពាន់កន្លែង។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងទាំង៧នោះ មានមុខសញ្ញាវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្មចំនួន១គម្រោង (កែច្នៃជ័រកៅស៊ូ), និងវិស័យឧស្សាហកម្មចំនួន៨គម្រោង (ផលិតសម្ភារៈកីទ្បានិងកាបូបដាក់សម្ភារៈកីទ្បា, ផលិតតុក្កតាគ្រប់ប្រភេទ, ផលិតស៊ីម៉ងត៍, ផលិតគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ, អាជីវកម្មថ្មអារ, និងផលិតបរិក្ខារអគ្គិសនីបំភ្លឺ អំពូលលម្អនិងគ្រឿងបន្ទាប់បន្សំ)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សូមបញ្ជាក់ថា គម្រោងវិនិយោគទាំង៧ ដែលអង្គប្រជុំបានពិនិត្យពិភាក្សាខាងលើនេះ នឹងបោះទីតាំងនៅខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល តាកែវ កំពង់ឆ្នាំង និងខេត្តត្បូងឃ្មុំ។

សូមជម្រាបជូនថា រយៈពេល៥ខែ ឆ្នាំ២០២៥នេះ គិតចាប់ពីខែមករា រហូតដល់ខែឧសភា ការចុះបញ្ជីគម្រោងវិនិយោគមានចំនួន ២៩០គម្រោង កើនឡើងចំនួន១៣៧គម្រោង ស្មើនឹងប្រមាណ៩០% ខណៈទុនវិនិយោគមានចំនួនប្រមាណ ៤,២ពាន់ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១,៤ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ៥២% ធៀបនឹងរយៈ ពេលដូចគ្នាក្នុងឆ្នាំ២០២៤។

គម្រោងវិនិយោគទាំង២៩០គម្រោង ដែលបានចុះបញ្ជី ក្នុងនោះមាន១១៩គម្រោងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស។ គម្រោងវិនិយោគទាំងនេះ អាចបង្កើតការងារបានប្រមាណ ២០០ពាន់កន្លែង។ ចំណែកឯទុវិនិយោគក្នុងវិស័យឧស្សាហកម្មមានរហូតដល់ ៣,៦ប៊ីលានដុល្លារ វិស័យហេដ្ឋារចនាសម្ព័ន្ធ ៥៥៨លានដុល្លារ វិស័យទេសចរណ៍២០លានដុល្លារ៕ ប្រភព៖ oknha.news

LEAVE A REPLY

Please enter your comment!
Please enter your name here