ដោយៈ និស្ស័យ
ភ្នំពេញៈ មន្រ្តីរដ្ឋាភិបាលកម្ពុជាមានសុទិដ្ឋិនិយមថា អត្រាពន្ធបដិការដែលរដ្ឋបាលអាមេរិក បានកំណត់យកពីទំនិញកម្ពុជាចំនួន ៣៦% នាពេលកន្លងមក អាចនឹងត្រូវបញ្ចុះបន្ថែមទៀត បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា -ថៃយល់ព្រមឈប់បាញ់គ្នា តាមការអំពាវនាវរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump។
បន្ទាប់ពីកើតជម្លោះប្រដាប់អាវុធទ្រង់ទ្រាយធំ រយៈពេល៥ថ្ងៃចាប់ពីព្រឹកថ្ងៃទី២៤ ខែកក្កដា មក ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ បានយល់ព្រមប្រកាសបទឈប់បាញ់ជាមួយគ្នា ដោយចូលជាធរមានកាលពីរាត្រីថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ មុននឹងឈានដល់ការព្រមព្រៀងនេះ ប្រធានាធិបតីអាមេរិកលោក Donald Trump បានទូរស័ព្ទទៅថ្នាក់ដឹកនាំរដ្ឋាភិបាលទាំង២ ដោយស្នើឱ្យឈប់បាញ់គ្នាជាបន្ទាន់ ប៉ុន្តែបើភាគីទាំង២ មិនព្រមតាមសំណើនេះ គឺអាមេរិកអាចនឹងប្រើប្រាស់វិធាន ការដំឡើងអត្រាពន្ធបដិការ ខណៈប្រទេសទាំង២ សុទ្ធតែកំពុងព្យាយាមចរចាជាមួយអាមេរិក ដើម្បីបញ្ចុះអត្រាពន្ធរៀងៗខ្លួន។
ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា លោក Casey Barnett នៅលើបណ្តាញសង្គមផ្ទាល់ខ្លួនកាលពីព្រឹកថ្ងៃទី ២៩ កក្កដា បានសរសេរថ្លែងអំណរគុណ ដល់លោកប្រធានាធិបតី Trump ចំពោះកិច្ចអន្តរាគមន៍ដ៏ឆាប់រហ័ស និងមានប្រសិទ្ធភាព ដើម្បីឈានទៅបញ្ចប់ការប្រយុទ្ធគ្នារវាងកងយោធាកម្ពុជា-ថៃ ក្នុងរយៈពេល៤៥:៣០ម៉ោង នៃកិច្ចអន្តរាគមន៍ផ្ទាល់របស់លោក។
លោកបន្ថែមថា “ឥឡូវនេះមានសង្ឃឹមហើយ សម្រាប់ជនភៀសខ្លួនប្រមាណ៣០ម៉ឺននាក់ និងមនុស្សរាប់លាននាក់ទៀត ដែលជីវភាពរស់នៅរបស់ពួកគេ កំពុងរងនូវការគំរាមកំហែង ដោយការផ្ទុះសង្គ្រាមនេះ”។លោកបានសរសេរថា “ជាមួយនឹងបទឈប់បាញ់ គឺត្រូវតែចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីបន្ធូរបន្ថយភាពតានតឹង ដែលអាចផ្ទុះឡើងយ៉ាងងាយស្រួលដល់ការប្រយុទ្ធជាថ្មី”។
ក្នុងស្មារតីផ្នែកពាណិជ្ជកម្មរបស់លោក Trump សង្ឃឹមថាកម្ពុជា និងថៃនឹងអាចបន្ធូរបាន តាមរយៈការធ្វើឱ្យធម្មតាឡើងវិញ នូវជីវភាពរស់នៅរបស់ប្រជាជនរបស់ពួកគេ និងការធ្វើពាណិជ្ជកម្មឆ្លងដែនឡើងវិញដោយគ្មានលក្ខខណ្ឌ។
ជាមួយគ្នានេះ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន លោក ឡោ វិចិត្រ បានមើលឃើញថា ការយល់ព្រមបង្កើតឱ្យមានបទឈប់បាញ់រវាងភាគីទាំង២ គឺជាជំហានវិជ្ជមាន ដែលនឹងនាំមកនូវសន្តិភាពសម្រាប់ប្រទេសកម្ពុជា និងថៃ ក៏ដូចជាផ្តល់នូវបរិយាកាសអំណោយផលដើម្បីឱ្យមហាអំណាចអាមេរិក បន្ធូរបន្ថយអត្រាពន្ធបដិការសម្រាប់ប្រទេសកម្ពុជា ឱ្យចុះនៅទាបជាងអត្រា៣៦% ដែលនឹងត្រូវចូលជាធរមាននៅថ្ងៃទី១ សីហា ខាងមុខ។
លោកបានថ្លែងថា “ខ្ញុំមានសុទិដ្ឋិនិយមថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា ដើម្បីឈានទៅបញ្ចប់សង្គ្រាមជាមួយភាគីថៃ នឹងផ្តល់ផលជាវិជ្ជមានយ៉ាងច្រើន សម្រាប់ប្រជាជន ព្រមទាំងទទួលបានការសាទរពីអាមេរិក តាមរយៈការទម្លាក់អត្រាពន្ធបដិការផងដែរ”។
ប្រធានក្រុមការងារចំពោះកិច្ច សម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក លោក ស៊ុន ចាន់ថុល ក្នុងអំឡុងកម្មវិធីចុះពិនិត្យផ្ទៀងផ្ទាត់និយាមកា និងបញ្ចប់ការបោះបង្គោលព្រំដី សម្រាប់គម្រោងព្រែកជីកហ្វូណនតេជា នៅក្នុងខេត្តកែប នាព្រឹកថ្ងៃទី២៥ ខែកក្កដា បាននិយាយថា រហូតកដល់ពេលនេះ គឺក្រុមការងារចំពោះកិច្ច សម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក បានធ្វើកិច្ចការជាច្រើនដើម្បីធានាថាទំនិញកម្ពុជា នៅតែមានទីផ្សារល្អនៅអាមេរិក។
លោកបានបន្តថា “ភាគីកម្ពុជាបានស្នើសុំដោយទទូច ឱ្យភាគីអាមេរិកយកពន្ធពីកម្ពុជា ក្នុងអត្រាមួយដែលអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង និងប្រទេសដៃគូប្រកួតប្រជែងនានា”។
លោកប្រាប់ទៀតថា សម្រាប់កិច្ចចរចាជាមួយអាមេរិក រឿងពន្ធបដិការនេះ គឺក្រុមការងារចំពោះកិច្ចបានបញ្ជូនឯកសារ ទាំងអស់ទៅឱ្យភាគីអាមេរិក កាលពីវេលាម៉ោង ២៣:៣០នាទី(ម៉ោងនៅកម្ពុជា) នាថ្ងៃទី១៦ ខែកក្កដា រួចរាល់អស់ហើយ។ ជាមួយគ្នានេះ ខាងភាគីអាមេរិកក៏បានធ្វើការពិភាក្សាផ្ទៃក្នុង និងបានធ្វើរបាយការណ៍ទៅលោកប្រធានាធិបតី ដូណាល់ ត្រាំ រួចហើយផងដែរ។
លោកបន្តថា កម្ពុជារំពឹងទទួលបានលទ្ធផលល្អ លើសពីការចរចាលើកមុន ដែលរដ្ឋាភិបាលអាមេរិកកំណត់យកពន្ធបដិការ ពីទំនិញកម្ពុជាចំនួន៣៦% ដោយបញ្ចុះពីអត្រា៤៩% នៅពេលប្រកាសដំបូង កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥”។
លោកថ្លែងថា “យើងខ្ញុំសង្ឃឹមថាក្នុងអាទិត្យក្រោយនេះ យើងនឹងទទួលព័ត៌មានពីសហរដ្ឋអាមេរិក អំពីអត្រាពន្ធគយបដិការរបស់កម្ពុជាយើង”។
បើតាមលោក ស៊ុន ចាន់ថុល អត្រាពន្ធគយបដិការដែលរដ្ឋាភិបាលអាមេរិក នឹងប្រកាសនៅសប្តាហ៍ក្រោយ(មុនថ្ងៃទី១ ខែសីហា) សម្រាប់ប្រទេសកម្ពុជា គឺនឹងចុះទាបជាង៣៦% ដែលបានកំណត់នាពេលកន្លងមក។
កាលពីថ្ងៃទី៧ ខែកក្កដា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតឱ្យសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយបានបញ្ជាក់ ពីការបញ្ចុះពន្ធបដិការពីអត្រា៤៩% មកអត្រា ៣៦% លើទំនិញរបស់កម្ពុជាដែលនាំចូលទៅអាមេរិក ដែលនឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី១ ខែសីហា បន្ទាប់ពីកម្ពុជាចរចាតាមប្រព័ន្ធអនឡាញ និងជួបផ្ទាល់ជាមួយតំណាង ពាណិជ្ជកម្មអាមេរិកចំនួន២ដងរួចមក។
រដ្ឋបាលសហរដ្ឋអាមេរិក កាលពីថ្ងៃទី២ ខែមេសា(ម៉ោងនៅសហរដ្ឋអាមេរិក) បានប្រកាសពីការដំឡើងពន្ធគយ សម្រាប់ការនាំចូលទំនិញពីស្ទើរគ្រប់ប្រទេស ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ តទៅ។
ទោះយ៉ាងណានៅពេលកាលបរិច្ឆេទ បានចូលមកដល់ លោក Donald J. Trump ក៏បានសម្រេចពន្យារពេលចំនួន៩០ថ្ងៃ ដើម្បីបើកឱកាសឱ្យប្រទេសនីមួយៗ ជួបចរចាទ្វេភាគីជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក៕








