សម្ដេចតេជោ៖ រយៈពេល៣០ឆ្នាំសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាដ៏សំខាន់

ដោយ៖ លក្ខិណា

ភ្នំពេញ៖ សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានបង្កើតឡើង ដោយបងប្អូនខ្មែរខ្សែស្រឡាយចិន និងបងប្អូនខ្មែរដើមកំណើតចិន កាលពី៣០ឆ្នាំមុន ដើម្បីឱ្យបងប្អូនបានចូលរួមក្នុងកិច្ចការកសាង និងអភិវឌ្ឍន៍សង្គមជាតិ។

បើយោងតាមលិខិតអបអររបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបទី៣០ នៃថ្ងៃបង្កើតសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានឱ្យដឹងថា រយៈពេល៣០ឆ្នាំកន្លងមកនេះ សមាគមបានរីកចម្រើនយ៉ាងឆាប់រហ័ស ដោយមានសមាគមនិកាយទាំង៥ រួមមាន សមាគមនិកាយទាជីវ សមាគមនិកាយខិ សមាគមនិកាយកាតាំង សមាគមនិកាយហុកគៀន និងសមាគមនិកាយចិនហៃណាំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងលិខិតដដែលនេះ សម្ដេចតេជោបានឱ្យដឹងទៀតថា សមាគមត្រកូល សមាគមខ្មែរ ចិនតាមបណ្ដាខេត្តក្រុងស្រុកនិងសមាគមពាណិជ្ជកម្មចិនផ្សេងទៀតរួមសាមគ្គីគ្នា កសាង និងអភិវឌ្ឍសង្គមជាតិកម្ពុជា តាមរយៈការចូលរួមរក្សាទំនៀមទំលាប់និងវប្បធម៌រស់នៅរបស់បងប្អូនខ្មែរចិន ការចូលរួមបណ្ដុះបណ្ដាលធនធានមនុស្ស ដោយបង្កើតសាលារៀនខ្មែរ ចិន ការទាក់ទងធ្វើពាណិជ្ជកម្ម និងវិនិយោគជាមួយបរទេសជាដើម។

សមាគមខ្មែរចិន បានរៀបចំកម្មវិធីជួបជុំបងប្អូនខ្មែរចិនរាប់ពាន់នាក់ រៀបចំវេទិកាវិនិយោគនិងធុរកិច្ចនៅកម្ពុជា ដោយមានវិនិយោគិនពីបរទេសរាប់រយនាក់ចូលរួម បានធ្វើស្ពានសម្រាប់ភ្ជាប់ទំនាក់ទំនងប្រជាជនកម្ពុជា និងប្រជាជនចិន ដោយនាំមកនូវផលប្រយោជន៍បសម្រាប់ធ្វើការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា។

សម្ដេចតេជោ មានប្រសាសន៍ថា សម្ដេចជឿថា សមាជិកសមាជិកាទាំងអស់ក្នុងសម្ព័ន្ធ ខ្មែរចិន បងប្អូនខ្មែរចិន នឹងបន្តរួមគ្នា រួមចំណែកថែរក្សាសុខសន្តិភាពដែលជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដើម្បីកសាងជីវភាពរស់នៅកាន់តែប្រសើររបស់បងប្អូនខ្មែឬចិន និងបងប្អូនខ្មែរទូទាំងប្រទេសកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here