មន្រ្តីជាន់ខ្ពស់កម្ពុជារំពឹងពន្ឋបដិកាអាមេរិកនឹងធ្លាក់ចុះទាប ជាង៣៦ភាគរយ

ដោយៈ ម៉ាណា

    ភ្នំពេញៈ ប្រធានក្រុម​ការងារ​ចំពោះ​កិច្ច សម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី​កម្ពុជា​-សហ​រដ្ឋអាមេរិក លោក ស៊ុន ចាន់ថុល បាន​អះអាងថា អត្រា​ពន្ធ​គយ​បដិការ​ដែល​រដ្ឋាភិបាលអាមេរិកយក​ពី​ទំនិញ​​កម្ពុជាចាប់​ពី​ដើម​ខែ​សីហា ឆ្នាំ​២០២៥ នឹង​ធ្លាក់​ចុះ​​ក្រោម​៣៦% ដែល​​កំណត់​ដោយ​រដ្ឋាភិបាល​អាមេរិក ​នា​ពេល​កន្លង​មក​។

ថ្លែង​ប្រាប់​ក្រុមអ្នក​យក​ព័ត៌មាន ​ក្នុង​អំឡុង​កម្មវិធីចុះពិនិត្យផ្ទៀងផ្ទាត់និយាមកា និងបញ្ចប់ការបោះបង្គោលព្រំដី ​សម្រាប់គម្រោងព្រែកជីកហ្វូណនតេជា នៅ​​ក្នុង​ខេត្តកែប កាលពីចុងសប្តាហ៍មុន លោក ស៊ុន ចាន់ថុល បាន​លើកឡើង​ថា ក្រុមការងារ​ចំពោះ​កិច្ច​សម្របសម្រួ​លទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី​កម្ពុជា​-សហ​រដ្ឋអាមេរិក បាន​ធ្វើ​កិច្ច​ការ​ជា​ច្រើ ន​ដើម្បីធានាថា​ទំនិញ​កម្ពុជា​ នៅ​តែ​មាន​ទីផ្សារ​ល្អ​នៅ​​អាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បានបន្ត​​ថា ភាគី​កម្ពុជា​បាន​ស្នើ​សុំ​ដោយ​ទទូច​​​ឱ្យ​ភាគី​អាមេរិក​ យក​ពន្ធ​ពី​កម្ពុជា​ក្នុង​អត្រា​​មួយ ​ដែល​អាច​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ជិតខាង​ និង​​ប្រទេស​ដៃគូ​ប្រកួត​ប្រជែងនានា​(ប្រទេស​​នាំចេញ​ប្រភេទ​​ទំនិញ​ទៅ​អាមេរិក​ប្រហាក់​ប្រហែល​​នឹង​កម្ពុជា)​​។

លោកប្រាប់​ទៀត​​ថា សម្រាប់​កិច្ច​ចរចា​ជា​មួយ​អាមេរិក រឿង​ពន្ធបដិការនេះ គឺ​ក្រុមការងារ​ចំពោះកិច្ច ​បាន​បញ្ជូនឯកសារ​ទាំង​អស់​ទៅឱ្យ​​ភាគី​​អាមេរិក កាល​ពីវេលា​ម៉ោង ២៣:៣០​នាទី​​(ម៉ោងនៅកម្ពុជា) នា​​ថ្ងៃ​ទី​១៦ ខែកក្កដា​ រួចរាល់​អស់​ហើយ​​។

ជាមួយ​គ្នា​នេះ​​ ខាង​ភាគី​អាមេរិក ក៏​​បាន​ធ្វើ​ការ​ពិភាក្សាផ្ទៃ​ក្នុង​ និង​បាន​ធ្វើ​របាយការណ៍​ទៅ​​លោកប្រធានាធិបតី​ ដូណាល់ ត្រាំ រួចហើយផងដែរ​។​

លោក​បន្ត​ថា កម្ពុជា​រំពឹង​​ទទួល​បាន​លទ្ធផល​ល្អ ​លើស​ពី​​ការ​ចរចា​លើ​កមុន​ ដែល​រដ្ឋាភិបាល​អាមេរិក​​​កំណត់​យក​ពន្ធ ​បដិការ​ពី​ទំនិញ​​កម្ពុជាចំនួន ៣៦​% ដោយ​បញ្ចុះ​​ពី​អត្រា៤៩% នៅ​ពេល​ប្រកាស​ដំបូង កាល​ពី​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០២៥​​។

លោក​​បញ្ជាក់​ថា “យើងខ្ញុំ​សង្ឃឹមថា​ក្នុង​អាទិត្យ​ក្រោយនេះ យើង​នឹង​ទទួលព័ត៌មាន​ពី​សហរដ្ឋអាមេរិក​ អំពី​អត្រា​ពន្ធ​គយ​បដិការ​របស់​កម្ពុជា​យើង”។

បើ​តាម​លោក ស៊ុន ចាន់ថុល អត្រាពន្ធគយបដិការ​ ដែល​រដ្ឋាភិបាល​អាមេរិក​ នឹង​ប្រកាស​នៅ​សប្តាហ៍​ក្រោយ(មុន​ថ្ងៃ​ទី​១ ខែ​សីហា) ​សម្រាប់​ប្រទេស​កម្ពុជា គឺ​នឹង​ចុះ​ទាប​ជាង​៣៦% ដែល​បាន​កំណត់​នា​ពេល​កន្លង​មក​។​

កាលពីថ្ងៃទី​៧ ខែកក្កដា ប្រធា​នាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតឱ្យ​សម្តេចធិបតីហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា ដោយ​បាន​បញ្ជាក់ ពីការបញ្ចុះពន្ធបដិការពីអត្រា​៤៩% មក​៣៦% លើទំនិញរបស់កម្ពុជា ដែលនាំចូលទៅអាមេរិក ដែលនឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី១ ខែសីហា បន្ទាប់​ពីកម្ពុជាចរចាតាមប្រព័ន្ធអនឡាញ និងជួបផ្ទាល់ជាមួយតំ​ណាង​ពាណិជ្ជ​កម្ម​អាមេរិកចំនួន ២ដងរួចមក​។

រដ្ឋបាល​សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​ទី​២ ខែ​មេសា(ម៉ោង​នៅ​សហរដ្ឋអាមេរិក) បាន​ប្រកាស​ពី​ការ​ដំឡើង​ពន្ធ​គយ ​សម្រាប់​ការ​នាំ​ចូល​ទំនិ​ញ​ពី​ស្ទើ​រគ្រប់​ប្រទេស ​​​ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក​ ចាប់​ពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០២៥ត​ទៅ។

ទោះយ៉ាង​ណា​ នៅ​ពេល​កាល​បរិច្ឆេទចូល​មក​ដល់ លោក​ Donald J. Trump ក៏​បាន​សម្រេច​​ពន្យារ​ពេល​ចំនួន៩០​ថ្ងៃ​ ដើម្បី​បើក​ឱកាស​ឱ្យ​ប្រទេស​នីមួយៗ ​​​ជួប​ចរចា​ទ្វេភាគី​ជាមួយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​។​

យោងតាមទិន្នន័យ​កត់​ត្រា​ដោយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា(GDCE) បាន​ឱ្យ​ដឹង​ថា ក្នុង​ឆមាស​ទី​១ឆ្នាំ​២០២៥ ទំហំពាណិ​ជ្ជកម្ម​រវាង​កម្ពុជា​និង​អាមេរិក សម្រេចបាន​ទឹក​ប្រាក់​សរុប​៥,៦៩​ពាន់​លាន​ដុល្លារ កើន​ឡើង២៥,៧% បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៤ ក្នុង​នោះ​កម្ពុជា​នាំ​ទៅ​អាមេរិក ៥,៥៦ពាន់​លាន​ដុល្លារ កើន​ឡើង២៥,៦​%។ ចំណែក​អាមេរិក​នាំមក​កម្ពុជា ១៦៤,៩លានដុល្លារ កើនឡើង ២៩%។

អាមេរិក គឺ​ជា​ទីផ្សារ​ដែល​ទទួល​ទិញ​ទំនិញ​ពី​កម្ពុជា ​ច្រើន​ជាង​គេ​ដោយ​គ្រប់​គ្រង​ប្រមាណ៣៨,៧% នៃ​ទឹក​ប្រាក់​នាំ​ចេញ​សរុប​របស់​កម្ពុជា​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៥ ដែល​មាន​ទឹកប្រាក់ចំនួន១៤,២៩​ពាន់លាន​ដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here