កម្ពុជារកប្រាក់បានជាង១០០០លានដុល្លារពីការនាំចេញស្បែកជើងទៅកាន់ទីផ្សារអន្តរជាតិ

ដោយៈ ចំណាន

    ភ្នំពេញៈ កម្ពុជារកបានប្រាក់ជាង១០០០លានដុល្លារអាមេរិក ពីការនាំចេញស្បែកជើងទៅកាន់ទីផ្សារអន្តរជាតិ កើនឡើងជាង៣៣ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នេះជាវឌ្ឍនភាពមួយ បើទោះបីជា​​ទំនិញ​ផលិតនៅ​​​ប្រទេស​កម្ពុជា​​​​កំពុង​ប្រឈម​មុខ​ នឹង​ការ​យក​ពន្ធ​​ក្នុង​អត្រា​៣៦​ភាគរយ នៅ​ពេល​​​នាំ​​ទៅ​​ទីផ្សារ​អាមេរិក ​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​សីហា​​ក៏​ដោយ ក៏​សកម្ម​ភាព​នៃ​​ការ​នាំ​ចេញ​ ផលិត​ផល​ស្បែក​ជើង​​កម្ពុជា​ទៅ​​​ទីផ្សារ​អន្តរជាតិ រួម​ទាំង​សហរដ្ឋ​អាមេរិក នា​ពេល​នេះ​​​នៅ​តែ​មានសញ្ញា​វិជ្ជមាន​គួរ​ឱ្យ​កត់​សម្គាល់​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមព្រឹត្តិបត្រ​ព័ត៌មាន​របស់​សមាគម​ស្បែកជើង​កម្ពុជា (Cambodia Footwear Association-CFA)​ ចេញ​ផ្សាយកាល​ពី​សប្តាហ៍​មុន​​ ​ឱ្យ​ដឹង​ថា ចន្លោះ​​ពី​ខែ​មករា- ​ខែមិថុនា ឆ្នាំ​២០២៥ កម្ពុជា​បាន​​នាំ​ចេញស្បែកជើង​​ទៅ​​ទីផ្សារ​អន្តរជាតិ ​ក្នុង​ទឹក​ប្រាក់សរុប១,០៣​ ពាន់​លាន​ដុល្លារ ​​កើន​ឡើង៣៣%​ បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​​​ឆ្នាំ​២០២៤។

ក្នុង​ចំនួន​នេះ គឺ​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​អាមេរិក​ មាន​ទឹក​ប្រាក់ ៣៨៨លាន​ដុល្លារ ​ស្មើនឹង៣៨%​​នៃ​ចំនួន​ទឹក​ប្រាក់​នាំ​ចេញ​ស្បែក​ជើង​សរុប​។​

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើង​កម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា យើង​គ្រប់​គ្នា​សុទ្ធតែ​​ដឹងហើយ​​​​ថា ​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​​ពេល​​នេះ ​គឺ​មិន​មាន​ភាព​ច្បាស់​លាស់​ឡើយ​ ដែល​ចំណុច​ទាំង​​នេះ ​សុទ្ធ​តែ​ជះ​ផល​អវិជ្ជមាន​សម្រាប់​​ការ​​​ធ្វើ​ពាណិជ្ជកម្ម​​អន្តរជាតិ​។ ទោះយ៉ាង​ណា បើ​យើង​ងាក​មក​មើល​​ការ​នាំ​ចេញ​ ផលិតផល​ស្បែក​ជើង​​​កម្ពុជា​ទៅ​​​ទីផ្សារ​អន្តរជាតិ គឺ​នៅ​តែ​រក្សា​បាន​នូវ​​កំណើន​​​គួរ​ឱ្យកត់សម្គាល់​​​។

ជាក់​ស្តែង​ក្នុងឆមាស​ទី​១ ឆ្នាំ​២០២៥ នេះ​​​ទឹក​ប្រាក់​ដែល​កម្ពុជា​ប្រមូល​បាន​ ពី​ការ​នាំ​​ចេញ​ស្បែក​ជើង​ទៅ​ទីផ្សារ​អន្តរ​ជាតិ គឺ​​មាន​ចំនួន​រហូត​​​ដល់​ជាង១ពាន់លាន​ដុល្លារ ដោយ​កើន​​​ជាង ៣០%​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ២០២៤។

កំណើននៃការនាំចេញនេះ ​​ដោយ​សារ​កត្តា​សំខាន់ៗ​មួយ​ចំនួន​ដូចជា ទី១ ការជួយ​សម្របសម្រួលរបស់​រាជរដ្ឋាភិបាល៖ ​រដ្ឋាភិបាល​កម្ពុជា​ តែង​ផ្តល់​ការគាំទ្រផ្នែក​គោលនយោបាយ ដល់​រោងចក្រ/​សហគ្រាស​ទាំង​អស់​ ​ដូចជា ការសម្រួលផ្នែក​ពន្ធ ការលើកទឹកចិត្តសម្រាប់ការនាំចូលវត្ថុធាតុដើម និង​ការរក្សាស្ថិរភាពថ្លៃអគ្គិសនី។ ក្រៅពីនេះ​ច្បាប់វិនិយោគថ្មី​របស់​កម្ពុជា​ ក៏កំពុង​​ដើរតួនាទីដ៏​សំខាន់ ក្នុងការទាក់ទាញ និងរក្សាអ្នកវិនិយោគឱ្យ​មក​បណ្តាក់​ទុន​កាន់​តែ​ច្រើន។

ទី២ កត្តា​ទំនុកចិត្ត​៖ ស្ថិរភាពនយោបាយ និងកំណើន​សេដ្ឋកិច្ច​រឹងមាំ​​បានធ្វើឱ្យ​អ្នកវិនិយោគមាន​ទំនុក​ចិត្ត និងជ្រើសរើសយក​ប្រទេសកម្ពុជាធ្វើ​ជាមូលដ្ឋាន ផលិតកម្មស្បែកជើងដ៏សំខាន់របស់​ខ្លួន​។ ការផ្លា​ស់ប្តូរការបញ្ជាទិញ ពីបណ្តា​ប្រទេសនានា​មក​កម្ពុជា ក៏ជា​ចំណែកជួយ​ដល់ការកើនឡើងនេះផងដែរ។

ទី៣ គុណភាពផលិតផល៖ ក្រុមហ៊ុនផលិតស្បែកជើងនៅកម្ពុជាបានបន្តរក្សា និងលើកកម្ពស់គុណភាពផលិតផល ស្របតាមស្តង់ដារអន្តរជាតិ ​ដែលជាតម្រូវការរបស់ម៉ាកល្បីៗ ដូចជា Adidas, VF Corporation និង Skechers ជា​ដើម​។

អ្នកឧកញ៉ាលី ឃុនថៃបានបញ្ជាក់ថា “ការផ្តោតលើនិរន្តរភាព កា​រកាត់បន្ថយការបំភាយកាបូន និងសុវត្ថិភាពការងារ ក៏បានរួមចំណែកក្នុងការបង្កើនភាពប្រកួតប្រជែងផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here