ដោយៈ ម៉ាណា
មណ្ឌលគិរីៈ លោកសំរិទ្ធ សាកុរា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារបច្ចេកទេស ដើម្បីសិក្សា ស្រាវជ្រាវ និងរៀបចំសេចក្តីព្រាងគោលនយោបាយម្រេចកម្ពុជា បានអញ្ជើញចូលរួមជាអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយថ្នាក់តំបន់លើកទី២ ស្តីពី “ដំណើរការសិក្សា ប្រមូលព័ត៌មាននិងទិន្នន័យ ឱកាស និងបញ្ហាប្រឈម ក្នុងគោលបំណងបង្កើតគោលនយោបាយម្រេចកម្ពុជា”។
សិក្ខាសាលានេះ សហការរៀបចំដោយរដ្ឋបាល ខេត្តមណ្ឌលគិរី មន្ទីរពាណិជ្ជកម្មខេត្ត និងរដ្ឋបាលស្រុកពេជ្រាដា និងមានការអញ្ជើញចូលរួមពីតំណាងអភិបាល នៃគណៈអភិបាលខេត្ដមណ្ឌលគិរី តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរក្រោមឱវាទរបស់ខេត្ត សមាគមសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ព្រមទាំងតំណាងសមាគមម្រេច អ្នកដាំដុះ ពាណិជ្ជករ និងក្រុមហ៊ុនកែច្នៃម្រេច ក្នុងខេត្តទាំង៣ រួមមាន មណ្ឌលគិរី រតនគិរី ព្រះវិហារ ផងដែរ។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងបន្តផ្សព្វផ្សាយពីដំណើរការនៃការចាប់ផ្តើមរៀបចំ គោលនយោបាយម្រេចកម្ពុជា និងប្រមូលធាតុចូល -អនុសាសន៍តម្រង់ទិសបន្ថែម ដើម្បីឱ្យការរៀបចំគោលនយោបាយនេះ មានលក្ខណៈកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ដែលនឹងឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក និងអន្តរជាតិ។
ថ្លែងក្នុងអង្គពិធី លោកអនុរដ្ឋលេខាធិការ បានលើកឡើងពីសារៈសំខាន់ នៃការរៀបចំគោលនយោបាយម្រេចកម្ពុជា ដែលនឹងក្លាយទៅជាផែនទីបង្ហាញផ្លូវដ៏សំខាន់ ក្នុងការកំណត់ទិសដៅឱ្យបានច្បាស់លាស់សម្រាប់កម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍ពីផលិតកម្មម្រេច តាមរយៈការបង្កើតតម្លៃបន្ថែមនៅក្នុងខ្សែច្រវាក់ និងជួយបង្កើនប្រាក់ចំណូលកសិករនៅតាមទីជនបទ ជាពិសេស សំដៅជំរុញការនាំចេញម្រេចកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
ឆ្លៀតក្នុងឱកាសនោះ ក្រុមការងារក៏បានចុះធ្វើទស្សនកិច្ចសិក្សានៅចម្ការម្រេចរបស់កសិករ ក្នុងភូមិពូទិល ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដើម្បីស្វែងយល់បន្ថែមពីស្ថានភាពជាក់ស្តែង នៃខ្សែច្រវាក់ផលិតកម្ម ឱកាស និងបញ្ហាប្រឈមរបស់ក្រុមអ្នកផលិត ក្នុងដំណាំម្រេចផងដែរ។











