ប្រតិភូសភាពាណិជ្ជកម្មកម្ពុជាបំពេញទស្សនកិច្ចពាណិជ្ជកម្មទៅកាន់ទីក្រុងហុងកុងដើម្បីពង្រីកពាណិជ្ជកម្ម និងការវិនិយោគ

ដោយៈ និស្ស័យ

    ហុងកុងៈ លោក ចាង ជីវិញ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តកោះកុង បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាចំនួន១៧រូប ដើម្បីបំពេញទស្សនកិច្ចនៅទីក្រុងហុងកុង ប្រទេសចិន។

គណៈប្រតិភូនេះ មានការចូលរួមពីតំណាងឱ្យសភាពាណិជ្ជកម្មមកពីខេត្តចំនួន៥ រួមមាន សភាពាណិជ្ជកម្មខេត្តស្វាយរៀង សភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ សភាពាណិជ្ជកម្មខេត្តព្រៃវែង សភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ និងក្រុមការងារនៃនាយកដ្ឋាន ទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង បំពេញទស្សនកិច្ចពាណិជ្ជកម្មនៅទីក្រុងហុងកុង នៃសាធារណៈរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៤ ខែកក្កដា ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមក្នុងពិព័រណ៍អន្តរជាតិ ស្តីពីឧបករណ៍ផ្ទុកថាមពលអគ្គសនី និងបច្ចេកវិទ្យាចល័ត២០២៥ (The Battery Show Asia 2025-Mobility Tech Asia) នាសាលពិព័រណ៍ WorldAsia Expo ក្នុងទីក្រុងហុងកុង ប្រទេសចិន ដែលមានការចូលរួមពីក្រុមហ៊ុនបច្ចេកវិទ្យានានា មកពីជុំវិញពិភពលោក។

ពិព័រណ៌អន្តរជាតិដ៏សំខាន់នេះ បង្កើតឡើងដើម្បីបង្ហាញពីសារៈសំខាន់ជាយុទ្ធសាស្រ្តរបស់អាស៊ី នៅក្នុងវិស័យថាមពលថ្ម ការផ្ទុកថាម​ពល និងផ្នែកគ្រឿងអេឡិចត្រូនិចចល័ត ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ ក្នុងរយៈពេល៣ថ្ងៃ ពិព័រណ៌អន្តរជាតិ ស្តីពីឧបករណ៍ផ្ទុកថាមពលអគ្គិសនី មានការដាក់តាំងពិព័រណ៌ចំនួនជាង ៣៥០ស្តង់ ដែលទាក់ទាញអ្នកជំនាញផ្នែកឧស្សាហកម្ម និងបច្ចេកវិទ្យាជាង ១៥,០០០នាក់ និងមានវាគ្មិនជំនាញជាង១៥០នាក់ ចូលរួម។

ពិព័រណ៍អន្តរជាតិ ស្តីពីឧបករណ៍ផ្ទុកថាមពលអគ្គិសនី នេះ មានការតាំងបង្ហាញដ៏ទូលំទូលាយ ដែលបង្ហាញពីភាពជឿនលឿនចុងក្រោយបង្អស់នៃបច្ចេកវិទ្យាថ្ម ដំណោះស្រាយការផ្ទុកថាមពល និងការច្នៃប្រឌិតEV/HV រួមនឹងកម្មវិធីសន្និសីទអន្ដរជាតិ ដែលនិយាយអំពីប្រធានបទសំខាន់ៗ ដូចជា គោលនយោបាយ និងបទប្បញ្ញត្តិ បច្ចេកវិទ្យាទំនើប ថាមពលអ៊ីដ្រូសែន កម្មវិធីដែលកំពុងរីកចម្រើន និងនិន្នា ការវិនិយោគ។

កម្មវិធីនេះ ត្រូវបានរៀបចំរួមគ្នាជាមួយ Mobility Tech Asia និង Data Center Asia ដែលជួយបង្កើនភាពទាក់ទាញរបស់ខ្លួន និងឈានដល់ផ្នែកដែលទាក់ទងគ្នាទៅវិញទៅមក។

ក្រៅពីការចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិខាងលើ លោក ចាង ជីវិញ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងប្រតិភូក៏បានទទួលជួបពិភាក្សាការងារ និងពិនិត្យមើលលើលទ្ធភាពចាប់ដៃគូ សហការវិនិយោគ ជាមួយលោកនាយកជាន់ខ្ពស់នៃសារជីវកម្ម MATRADE ប្រទេសម៉ាឡេស៊ី, លោក បូឌី សេទិយ៉ាឌី (Budi Setiyadi) ប្រធានសមាគក្រុមហ៊ុនផលិតម៉ូតូអគ្គិសនីឥណ្ឌូនេស៊ី (AISMOLI), លោកស្រី ជូឌី ស (Judy Saw) ប្រធានផ្នែកកម្មវិធីបណ្តុះបណ្តាល នៃក្រុមហ៊ុនឌីជីថល DDAS របស់ប្រទេសសិង្ហបុរី, តំណាងក្រុមហ៊ុនឧស្សាហកម្ម និងបច្ចេកវិទ្យាអគ្គិសនីប្រទេសចិនHONGFA និងតំណាងក្រុមហ៊ុនបច្ចកវិទ្យាEquinix & Zenlayer។

តាមរយៈជំនួបនានាខាងលើ ភាគីទាំងអស់បានផ្លាស់ប្តូរ និងចែករំលែកព័ត៌មានទៅវិញ ទៅមកអំពីសក្ដានុពល ព្រមទាំងឱកាសនៃការវិនិយោគផ្សេងៗ។

ការចូលរួមព្រឹត្តិការណ៍ខាងលើនេះ គឺជាផ្នែកមួយនៃកម្មវិធីទស្ស នកិច្ចពាណិជ្ជកម្មទីក្រុងហុងកុងឆ្នាំ២០២៥ ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រុមហ៊ុនInforma Markets ដែលជាក្រុមហ៊ុនធំមួយ ក្នុងការរៀបចំព្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិ នៅទូទាំងពិភពលោក។

ក្រោមកិច្ចសហការនេះ នឹងផ្ដល់ឱកាសឱ្យសភាពាណិជ្ជកម្ពុជា អាចនាំពាណិជ្ជករ ធុរជន និងម្ចាស់អាជីវកម្មនានានៅប្រទេសកម្ពុជា ទៅចូលរួមព្រឹត្តិការណ៍ពិព័រណ៍ អន្តរជាតិនានាទាំងនៅក្នុងតំបន់ និងអន្តរជាតិផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here