NBC សហការជាមួយក្រសួងឧស្សាហកម្មផ្សព្វផ្សាយពីការលើកកំពស់ចំណេះដឹងហិរញ្ញវត្ថុ

ចូលរួមក្នុង Chanel : Cambodia Financial Times ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ដោយៈ ម៉ាណា

    ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC)បានសហការជាមួយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសហគ្រិនភាពដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាពពាក់ព័ន្ធ នឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសហគ្រិនភាព ដល់អ្នកប្រកបមុខរបរ និងធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ សំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកហែម វណ្ណឌី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងមានការចូលរួមពីតំណាងសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា គ្រឹះស្ថា​នធនាគារនិងហិរញ្ញវត្ថុ និងសិក្ខាកាមមកពីសមាគមសេដ្ឋកិច្ច ក្រៅប្រ​ព័ន្ធ សរុបប្រមាណ៣៥០រូប បានអញ្ជើញជាអធិបតីក្នុងសិក្ខាសលានេះ។

លោកជំទាវ ទេសាភិបាល បានលើកឡើងពីសារៈសំខាន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្ដល់ការងារដល់ប្រជាជន ទ្រទ្រង់អាជីវកម្មខ្នាតតូច និងជួយរក្សានូវចរាចរសាច់ប្រាក់ក្នុងសេដ្ឋកិច្ច។ ជាមួយគ្នានេះដែរ លោកជំទាវ ទេសា​ភិបាល ក៏រំលេចពីកិច្ចខិតខំប្រឹងប្រែងរបស់ ធនាគារជាតិនៃកម្ពុជា ក្នុងការចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។

 យុទ្ឋសាស្រ្តជាតិនេះ ផ្តោតឡើងតាមរយៈការអនុវត្តវិធានការមួយចំនួនរួមមាន៖១/ ការងារលើ​កកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ២/-ការលើកទឹកចិត្តដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងបុគ្គលស្វ័យនិយោជន៍ ៣/-ការអភិវឌ្ឍប្រព័ន្ធទូទាត់ និង៤/-ការបង្កើនការប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់ស្ត្រី។

លោកជំទាវ ជា សិរីបានបញ្ជាក់ថា “វិធានការទាំងនេះមានគោ​លដៅលើកកម្ពស់សមត្ថភាព និងគាំទ្រដល់អ្នកដែលបានឈានចូលក្នុងប្រព័ន្ធ ក្នុងការទទួលបានហិរញ្ញប្បទាន ក៏ដូចជាការលើកកម្ពស់បរិយាបន្ននិងចំណេះដឹងផ្នែកហិរញ្ញវត្ថុ”។ លោកជំទាវបន្ថែមថា “ការណ៍នេះនឹងផ្តល់លទ្ធភាពកាន់តែទូលំទូលាយ ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក៏ដូចជាបុគ្គលស្វ័យនិយោជន៍ ក្នុងការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ សំដៅប្រើប្រាស់សេវាហិរញ្ញវត្ថុ ឱ្យកាន់តែមានប្រសិទ្ធភាព”។

ថ្លែងក្នុងពិធីនេះ លោកហែម វណ្ណឌី ក្នុងនាមជាស្ថាប័នបង្គោលដែលសម្របសម្រួល និងជំរុញការអនុវត្ដយុទ្ធសាស្រ្ដជាតិនេះ បានគូសបញ្ជាក់ពីគោលជំហរ ក្នុងការបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ចទាំងក្នុងនិងក្រៅប្រព័ន្ធ តាមរយៈការដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ-ដំណា​ក់កាលទី១ របស់រាជរដ្ឋាភិបាលដើម្បី កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។

ដោយរដ្ឋាភិបាល បានកំណត់យកអាទិភាពគន្លឹះ ៥គឺ៖ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសគឺ បច្ចេកវិទ្យាឌីជីថល” សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា ក៏ដូចជាឆ្លើយតបទៅនឹងតម្រូវការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះនិងជាមធ្យោបាយដ៏សំខាន់ នៃការសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០៕

LEAVE A REPLY

Please enter your comment!
Please enter your name here