ដោយៈ យិន លាងគង់សហស្ថាបនិកគេហទំព័រPropertyarea.asia
ភ្នំពេញៈ ព្រះអាទិត្យទីក្រុងប៉េងកាំង ទំនងជាមិនផ្លាស់ប្តូរព៌ណនៅកម្ពុជាទេ ប៉ុន្តែពន្លឺហាក់ស្រអ័ព្ទបន្តិចហើយ នៅពេលព្រះទិនករនេះរងនូវខ្យល់ និងពពកខ្មៅបាំងបិទជាបន្តបន្ទាប់។
ទំនាក់ទំនងដែលបានចាប់ផ្តើម ចំណងអាទូតរយៈពេល៦៧ឆ្នាំនេះ បានពូនជ្រុះជាមួយរដូវផ្ការីក និងដំណក់ភ្លៀង លាយនឹងដុះទឹកកក ដែលពេលខ្លះក៏បង្ករបួស្នាមដល់កម្ពុជា ជាមិត្តផងដែរ។
គោលនយោបាយមិនផ្លាស់ប្តូរ
ការចាប់ផ្តើមពង្រីក និងពង្រឹងទំនាក់ទំនងពីមិត្តភាព កិច្ចសហប្រតិបត្តិការពីភាពជាមិត្ត មកជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០១២ និងជាមិត្តដែកថែប ក្រោមយុទ្ឋសាស្រ្តត្បូងពេជ្រ និងប្រែក្លាយជាសហគមន៍ពីរ វាសនាតែមួយ” ជាអ្វីដែលសហគមន៍អាស៊ាននិងអន្តរជាតិ បានមើលឃើញថា “កម្ពុជាបានខិតជិតប្រទេសមហាអំណាចទី២នេះ កាន់តែច្បាស់ និងទទួលបានផលប្រយោជន៍យ៉ាងក្រាស់ក្រែលពីរបត់នយោបាយ ដែលប្រៀបបានរដូវផ្ការីកនេះ។
ជាលទ្ឋផលនៃកិច្ចសហប្រតិបត្តិការ លើទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល វិស័យឯកជនក៏បាន និងកំពុងដើរតួនាទីដ៏សំខាន់ក្នុងការលើកកំពស់ពាណិជ្ជកម្ម ជម្រុញការនាំចេញពីកម្ពុជាទៅកាន់ប្រទេសចិន និងពីប្រទេសចិនមកកម្ពុជាកើនឡើងខ្ពស់ផងដែរ។
ជាក់ស្តែងយោងតាមរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានបង្ហាញថា គិតពីឆ្នាំ១៩៩០ ដល់ឆ្នាំ២០២៥នេះ អ្នកធុរកិច្ច មកពីប្រទេសចិនបានវិនិយោគនៅកម្ពុជា ក្នុងទំហំទឹកប្រាក់រហូតដល់៣៦ពាន់លានដុល្លារអាមេរិក ដែលចំនួននេះមិនទាន់គិតពីជំនួយឥតសំណងនៅឡើយ។
ផលប្រយោជន៍
ជាមួយនឹងស្នាមញញឹម បង្កប់ដោយអត្ថន័យពេលចុះពីយន្តហោះពិសេសភ្លាមនាព្រឹកថ្ងៃទី១៧ មេសា នេះ លោកស៊ី ជីនពីងប្រធានាធិបតីចិនដ៏មានឥទ្ឋិពលរូបនេះ ត្រូវបានគេមើលឃើញថា ដំណើរទស្សនកិច្ចនេះ នឹងនាំមកនូវផលប្រយោជន៍ និងកិច្ចសហប្រតិបត្តិការលើទិដ្ឋភាពមួយចំនួនដូចជា ទី១ ចិននៅតែមិនបោះបង់កម្ពុជា ប៉ុន្តែប្រទេសទាំងពីរ នឹងឈរលើជំហររួមគ្នា ក្នុងគ្រប់កាលៈទេសៈ ទី២ ចិននឹងបន្តគាំទ្រដល់ការអភិវឌ្ឍកម្ពុជា ដើម្បីឈានទៅសម្រេចវិបុលភាពរួមគ្នា ជាមួយនឹងការឆ្ពោះទៅកសាងសហគមន៍ វាសនារួមគ្នា។
ទី៣ ដំណើរទស្សនកិច្ច ស្របនឹងកំដៅសង្រ្គាមពាណិជ្ជកម្ម ដែលបង្កដោយលោកដូ ណាល់ត្រាំ ប្រធានាធិបតីអាមេរិក គឺប្រៀបដូចការលើកឡើងរបស់សម្តេចតេជោ “មិត្តល្អជួយគ្នាក្នុងគ្រាលំបាក”។ ទី៤ ដំណើរទស្សនកិច្ចនេះ នឹងបន្តផ្តលផ្តល់ផលប្រយោជន៍ដល់គ្នា ទៅវិញទៅមក។ ទី៥ ចិននឹងបន្តគាំទ្រ ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពកម្ពុជា។
ទំនាក់ទំនងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងប្រទេសទាំងពីរអ្នកវិនិយោគចិន បានរក្សាតំណែងជាប្រទេសវិនិយោគ ធំជាងគេបំផុត ក្នុងរយ:ពេល៨ឆ្នាំជាប់ៗគ្នារបស់កម្ពុជា ក្នុងរយៈពរលចុងក្រោយនេះ។ នេះបើតាមរបាយការណ៍របស់សមាគមសារព័ត៌មានកម្ពុជា ចិន។
ជាក់ស្តែងគិតត្រឹមឆ្នាំ២០២៤ ការវិនិយោគរបស់ចិន នៅកម្ពុជាឈានដល់២.៨៦ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង៤៣% នៃការទាក់ទាញ វិនិយោគបរទេសសរុបរបស់កម្ពុជា។
សារដ៏រំជួលចិត្ត
ជាមួយនឹងការបរិយាយពីប្រវត្តិសាស្រ្ត ទំនាក់ទំនងដ៏យូរអង្វែងអរិយធ៌មដែលប្រទេសពីរបានសាងឡើង ពាណិជ្ជកម្ម និងអ្វីដែលមេដឹកនាំជំនាន់មុនបានកសាងឡើង ដែលជាសារពោរពេញដោយអត្ថន័យដ៏ស៊ីជម្រៅ ពាក្យមួយឃ្លាដ៏គួរឲ្យរំភើបចំពោះប្រជាជាតិកម្ពុជា ពីមេដឹកនាំរបស់មហាអំណាចរូបនេះ គឺ ““ខ្ញុំរីករាយណាស់មកផ្ទះមិត្តល្អ”។
សារដ៏កក់់ក្តៅ ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅនេះ ក៏បានបង្កប់នូវតម្លៃស្នូល “នៃការកសាងវិបុលភាពរួម” ដោយប្រធានាធិបតីស៊ី ជីនពីងបានលើកឡើងមកបញ្ជាក់ផងដែរថា “សមភាព និងការផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក បានចាក់បញ្ចូលកម្លាំងចលករដ៏ខ្លាំងខ្លា សម្រាប់សហគមន៍វាសនារួមចិន-កម្ពុជា”។
លើសពីនេះ ប្រធានាធិបតីចិនបានបញ្ជាក់ ជំហរយ៉ាងម៉ឺងម៉ាត់ចំពិពោះកម្ពុជាថា “ភាគីចិនគាំទ្រកម្ពុជាយ៉ាងម៉ឺងម៉ាត់ ក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ ដែលស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន ការពារអធិបតេយ្យភាពជាតិ ឯករាជ្យ និងបូរណភាពទឹកដី និងដើរតួនាទីកាន់តែសំខាន់នៅលើឆាកអន្តរជាតិ”។
ជាមួយនឹងសារដ៏រំជួលចិត្តនេះ ប្រធានាធិបតីចិន ក៏បានលើកឡើងនូវចក្ខុវិស័យជាច្រើន ដែលមេដឹកនាំនិងប្រជាជាតិទាំងពីរគួររួមគ្នា ដោះស្រាយ និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចបានវិបុលភាពរួម គឺ “សហគមន៍ពីរ វាសនាតែមួយ”ផងដែរ។
ជាមេដឹកនាំ ដែលប្រកាន់យកជំហរសេរីភាវូបនីយកម្ម និងការសាងសហគមន៍វាសនារួម និងវិបុលភាពរួមសម្រាប់ពិភពលោក ប្រធានាធិបតីស៊ី ជីនពីង បាននិងកំពុងរងសម្ពាធធ្ងន់ធ្ងរ ពីមេដឹកនាំអាមេរិក ប្រធានាធិបតីដូណាល់ ជេ ត្រាំ ដែលបានដាក់ពន្ឋគយលើទំនិញចិន រហូតដល់១៤៥ភាគរយ ជាអ្វីដែលមេដឹកនាំចិន និងសហគមន៍អន្តរជាតិហួសចិត្ត ដោយការដាក់របាំងពន្ឋគយនេះ បាននិងកំពុងរំលោភច្បាប់អន្តរជាតិ និងរំលោភលើគោលការណ៍សីលធ៌ម។
ហេតុនេះដំណើរទស្សនកិច្ចមកកាន់អាស៊ាន ក៏ដូចជាកម្ពុជា ច្បាស់លាស់ណាស់ មេដឹកនាំចិន បាននិងកំពុងស្វែងរកនូវការរួបរួម ការស្វែងរកវិបុលភាពរួម និងស្វែងរកការគាំទ្រគ្នាទៅវិញទៅមក លើគ្រប់ទិដ្ឋភាពនយោបាយ កាទូត និងសេដ្ឋកិច្ច។
សាររបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត
សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកដំណើរទស្សនកិច្ច របស់ប្រធានាធិបតីស៊ី ជីនពីង ឆ្លុះបញ្ចាំងពីរទំនាក់ទំនងរ៉ឹងមាំ យូរអង្វែង ដែលត្រូវបានពូនជ្រុំដោយអតីតសម្តេចព្រះបរម រតនកោដិ នរោត្តមសីហនុ សម្តេចតេជោហ៊ុន សែនអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។
សម្តេចបានថ្លែងបញ្ជាក់ថា “មិត្តភាពកម្ពុជា ចិន ជាមិត្តភាពប្រវត្តិសាស្រ្ត និងយូរអង្វែង ហើយប្រទេសយើងទាំងពីរ បានពង្រីក និងពង្រឹង ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ”។ សម្តេចបន្តថា “ប្រទេសយើងទាំងពីរកំពុងរួមគ្នា ក្នុងការបង្កើតសមិទ្ឋផលថ្មីៗ ក្រោមកិច្ចសហប្រតិបរត្តិការត្បូងពេជ្រ និងកសាងសហគមន៍វាសនារួម ដើម្បីផលប្រយោជន៍រួម ដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាព ស្មើភាព ស្មើសិទ្ឋ មិនជ្រៀតជ្រែងចូលកិច្ចការផ្ទៃក្នុង”។
សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតបានបន្តទៀតថា ចំពោះកម្ពុជា “មិត្តចិន” បានដើរតួនាទីសំខាន់ ក្នុងការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ឋ វិនិយោគ និងទេសចរណ៍”។
សម្តេចបញ្ជាក់ថា “ភាពជាដៃគូមិត្តភាពកម្ពុជា ចិន ក៏ជួយពង្រឹងឯករាជ្យភាព សមត្ថភាពការពារជាតិ និងកិត្យានុភាពនៅលើឆាកអន្តរជាតិ”។
ជាមួយនឹងសារស្វាគមន៍ មេដឹកនាំវ័យក្មេងកម្ពុជារូបនេះ បាននិងកំពុងធ្វើសកម្មភាពជាច្រើន លើកម្រិតជាតិ អន្តរជាតិ និងកម្រិតពិភពលោក ដើម្បីស្វែងរកវិបុលភាពកម្ពុជា និងនាំកម្ពុជាឆ្ពោះទៅកាន់ឋានៈថ្មីក្នុងពិភពលោក គឺការប្រែក្លាយកម្ពុជា ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
អ្វីកាន់តែពិសេសក្នុងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសចិនជាលើកដំបូង បន្ទាប់ពីត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត បានផ្ញើរសារយ៉ាងច្បាស់ជូនមេដឹកនាំចិនគឺ “កម្ពុជាប្រកាន់យកគោលនយោបាយចិនតែមួយ” និងបានបង្ហាញការប្តេជ្ញាចិត្តពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជាចិន កាន់តែល្អប្រសើរផងដែរ។
អ្វីត្រូវពូនជ្រុំ
រឿងជូរចត់ទាំងឡាយ ក្នុងទំនាក់ទំនងកាទូត ដែលមានកន្លងមក មេដឹកនាំកម្ពុជា បាននិងកំពុងបំភ្លេច ជាមួយនឹងការចាប់ផ្តើមដោយពួតដៃគ្នាពូនជ្រុំនូវទំនាក់ទំនង ដែលឈានដល់កម្រិតកំពូល ឲ្យកាន់តែរីកត្រសុំត្រសាយថែទៀត ដើម្បីនាំមកនូវស្នាមញញឹម និងដំណើរឆ្ពោះទៅកាន់សករាជថ្មី និងវិបុលភាពរួមគ្នាបន្ថែមទៀតនាពេលអនាគត។
ជាមួយនឹងព៌ណសម្បុរ នៃទំនាក់ទំនងកាទូតបែបចម្រុះព៌ណ ដែលបានដាក់ចេញដោយ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតបាន និងកំពុងត្រូវបានគេមើលឃើញថា កំពុងដើរលើផ្លូវត្រូវ ក្នុងការស្វែងរកការពង្រឹងឯករាជ្យភាព ខាងសេដ្ឋកិច្ច នយោបាយ និងបូរណ
ភាពទឹកដី។
ជាមួយគ្នានេះ “ទំនាក់ទំនងកាទូតគ្មានសត្រូវ និងគិតតែពីផលប្រយោជន៍” គឺជាផែនទីបង្ហាញផ្លូវមួយដែលមេដឹកនាំកម្ពុជា ចិនបាននិងកំពុងប្រកាន់យក ដោយឈរលើទស្សនវិស័យរួមគ្នា ក្នុងទិដ្ឋភាពមួយចំនួនដូចជា ទី១ កសាងវិបុលភាពរួម ការពារគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ ទី២ ពង្រឹងទំនាក់ទំនង ដែលមានស្រាប់ឲ្យកាន់តែមានសាមគ្គីភាព និងសហភាតរៈថែមទៀត ទី៣ ធ្វើយ៉ាងណាឲ្យប្រជាជននៃប្រទេសទាំងពីរ កាន់តែយល់ពីគ្នា ខិតជិតគ្នាបន្ថែមទៀត។
ទី៤ កម្ពុជាត្រូវតែជាមិត្តល្អបំផុត និងបន្តការពារប្រជាជនចិន និងផលប្រយោជន៍ចិន នៅកម្ពុជាបន្តទៀត និងទី៥ មេដឹកនាំប្រទេសទាំងពីរ គួរធ្វើដំណើរទស្សនកិច្ចទៅវិញទៅមក ឲ្យបានកាន់តែញឺកញាប់ និងទៀងទាត់។
ព្រះអាទិត្យចិនកំពុងរះនៅកម្ពុជា ជាមួយនឹងពន្លឺស្រទន់ ស្របពេលអនាគតមួយ ដែលមេដឹកនាំទាំងពីរកំពុងកសាងរួមគ្នា កំពុងខិតទៅសមរ្រេចបាននូវក្តីសុបិនពិតប្រាក ពិសេសមេដឹកនាំចិនគួរប្រែក្លាយសុបិន ទៅជាការពិតបានកាន់តែឆាប់រហ័ស ជាមួយនឹងការប្រគុំភ្លេងនិងច្រៀងរួមគ្នានារដូវផ្ការីកខាងមុខ៕