ដោយៈ គង់ ម៉ាណា
សៀមរាបៈ គ្រឹះស្ថានអង្គរបានឲ្យដឹងកាលពីថ្ងៃទី២ មេសាថា កម្ពុជាទទួលបានចំណូលជិត១៩លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស។
របាយការណ៍បានឲ្យដឹងថា នៅរយពេល៣ខែ ឆ្នាំ២០២៥នេះ ពោលចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៥ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ៣៩៨,៥៣១នាក់ កើន១៤.៦៧% និងទទួលបានចំណូល ១៨,៧១៨,៧២២ដុល្លារអាមេរិក កើនឡើង១៣.២២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៤។
រយៈពេល៣ខែឆ្នាំនេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប៧៩៧,០៦២ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណី យអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា។
កាលពីឆ្នាំ២០២៤ មានភ្ញៀវទេសចរបរទេសចំនួន១,០២៣ ,៦៨៨នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើងជាង ២៨ភាគរយ បើធៀបនឹងឆ្នាំ២០២៣ មានតែ៧៩៨,០៦៩នាក់។ សម្រាប់ចំណូល បានទទួលពីការលក់បណ្ណវិញមានចំនួន៤៧,៨២៦, ៩៨១ដុល្លារអាមេរិក កើនជាង២៨ភាគរយ បើធៀបឆ្នាំ២០២៣ មានចំនួន៣៧,១៩៨,៩៨៨ដុល្លារអាមេរិក៕