ថ្នាក់ដឹកនាំធនាគារABAកាណាដាមានបំណងពង្រីកការ វិនិយោគនៅកម្ពុជា

ដោយៈ និស្ស័យ

    ភ្នំពេញៈ ថ្នាក់ដឹកនាំធនាគារវឌ្ឍនៈ អាស៊ីចំកាត់(ABA)បានបង្ហាញបំណងពង្រីក ការបណ្តាក់ទុនវិនិយោគនៅកម្ពុជា និងកោតសរសើរលើបរិយាកាសវិនិយោគនៅកម្ពុជា។

ការលើកឡើងនេះ ធ្វើឡើងក្នុងពេលលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូ ធនាគារជាតិកាណាដា ដែលជាក្រុមហ៊ុនមេរបស់ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ធនាគារ ABA) ដឹកនាំដោយលោក Laurent Ferreira ប្រធាន និងជានាយកប្រតិបត្តិ ធនាគារជាតិកាណាដា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនារសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបនេះ លោក Laurent​ បានលើកឡើងពីការពេញចិត្តចំពោះដំណើរការវិនិយោគ ក្នុងវិស័​យធនាគារនៅកម្ពុជានាពេលកន្លងមកនិងបានបញ្ជាក់ពីការតាំងចិត្តរបស់ ធនាគារជាតិកាណាដា ក្នុងការពង្រីកការវិនិយោគនៅកម្ពុជាថែមទៀត ជាមួយនឹងទំនុកចិត្តខ្ពស់លើស្ថិរភាពសេដ្ឋកិច្ច និងប្រព័ន្ធធនាគារនៅកម្ពុជា។

ក្រៅពីនេះ លោកក៏បានបញ្ជាក់ពីអាទិភាពរបស់ធនាគារ ABA ក្នុងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទិន្នន័យ​ និងការពង្រឹងសុវត្ថិភាពសន្តិសុខសាយប័រ ព្រមទាំងការគាំទ្រដល់ការវិនិយោគ លើថាមពលកកើតឡើងវិញផងដែរ។

លោកជំទាវទេសាភិបាល បានស្វាគមន៍ចំពោះផែនការពង្រីកការវិនិយោគនៅកម្ពុជា និងបានចែករំលែកពីទស្សនាទាន អំពីស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា​ ព្រមទាំងរំលេចឡើងពីលទ្ធផល នៃការធ្វើអង្កេតទំនុកចិត្តធុរកិច្ច ដែលបញ្ជាក់ពីភាពប្រសើរឡើង នៃទំនុកចិត្តរបស់ធុរជនមកលើបរិយាកាសវិនិយោគនៅកម្ពុជា។

បន្ថែមលើនេះ លោកជំទាវក៏បានមានប្រសាសន៍ពីសារៈសំខាន់នៃការធានាបាននូវប្រតិបត្តិការផ្ទេរប្រាក់ អន្តរធនាគារប្រកបដោយភាពរលូន និងបានស្នើឱ្យមានកិច្ចសហការ ក្នុងចំណោមគ្រឹះស្ថានធនាគារ ដើម្បីបង្កើតជាមណ្ឌលទំនាក់ទំនងព័ត៌មាន សម្រាប់ផ្តល់ភាពងាយស្រួលដល់អតិថិជន ក្នុងការសាកសួរព័ត៌មាន​ ឬស្នើសុំដំណោះស្រាយនានាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here