ដោយៈ ម៉ាណា
រតនៈគិរីៈ ធនាគារជាតិនៃកម្ពុជា បានរៀបចំពិធីប្រកាសផ្ទេរ និងតែងតាំង នាយកសាខាធនាគារជាតិនៃកម្ពុជា ខេត្តរតនគិរី ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។
ក្នុងពិធីដែលបានធ្វើកាលពីថ្ងៃទី១១ មិនាកន្លងមកនេះ លោកជំទាវទេសាភិបាល មានប្រសាសន៍ថា ការកែសម្រួលភារកិច្ចនេះធ្វើឡើងក្នុងគោលបំណង បំពេញតម្រូវការរបស់ស្ថាប័ន តាមរយៈការនាំមកនូវជំនាញ និងបទពិសោធន៍ថ្មីបន្ថែមទៀត ដើម្បីបន្តនិរន្តរភាពការងារ និងប្រតិបត្តិការរបស់សាខា ឱ្យប្រព្រឹត្តទៅបានរលូននិងមានប្រសិទ្ធភាពខ្ពស់ថែមទៀត។
លោកជំទាវក៏បានយកឱកាសនេះ ណែនាំមន្ត្រី-បុគ្គលិកសាខាខេត្តរតនគិរី ឱ្យត្រៀមខ្លួនសហការ ក្នុងការធ្វើអង្កេតទំនុកចិត្តធុរកិច្ច (Business Confidence Survey) នៅខេត្តរតនគិរី ដើម្បីតាមដានស្ថានភាពនៃសកម្មភាពសេដ្ឋកិច្ចទាំងក្នុង និងក្រៅប្រព័ន្ធផងដែរ។
បន្ថែមលើនេះ លោកជំទាវក៏បានជំរុញលើកទឹកចិត្តមន្ត្រី-បុគ្គលិកទាំងអស់ ឱ្យបន្តអភិវឌ្ឍសមត្ថភាពជាប្រចាំ និងខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងចូលរួមបង្កើនសកម្មភាពបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដល់ប្រជាជនក្នុងមូលដ្ឋាន សំដៅលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត៕