ធនាគារពិភពលោកបង្ហាញការគាំទ្របន្តដល់ធនាគារជាតិនៃកម្ពុជា

ដោយៈ គង់ ម៉ាណា

    ភ្នំពេញៈ លោកស្រីLalita M. Moorty នាយកធនាគារពិភពលោកប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិកបានបង្ហាញពីស្ថានភាពសេដ្ឋកិច្ចពិភពលោក និងឆ្លើយតបលើការគាំទ្រដល់ធនាគារជាតិនៃកម្ពុជា ប្រសិនជាមានតម្រូវការចាំបាច់។

លោកស្រីបានថ្លែងបែបនេះ ក្នុងជំនួបជាមួយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី១៣ កុម្ភៈកន្លងមកនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបនេះ លោកស្រី Lalita M. Moorty បានជម្រាបជូនអំពី ស្ថានភាពទូទៅនៃសេដ្ឋកិច្ចពិភពលោក បេសកកម្មរបស់ធនាគារពិភពលោក វឌ្ឍនភាពនៃវិស័យហិរញ្ញវត្ថុក្នុងតំបន់ និងលទ្ធភាពរបស់ធនាគារពិភពលោក ក្នុងការផ្តល់ជំនួយបច្ចេកទេសនានាជូនធនាគារជាតិនៃកម្ពុជា តាមការចាំបាច់ ប្រសិនបើត្រូវការ និងព្រមទាំងចង់ស្វែងយល់បន្ថែម ពីស្ថានភាពទូទៅនៃប្រព័ន្ធធនាគារនៅកម្ពុជា។

ជាការឆ្លើយតប លោកជំទាវ ទេសាភិបាល បានជម្រាបជូនអំពីស្ថានភាពទូទៅ នៃវិស័យធនាគារនៅកម្ពុជា ដែលបន្តរក្សាបាននូវស្ថិរភាព និងជំនឿទុកចិត្តរបស់សាធារណជន។ កន្លងមក ធនាគារជាតិនៃកម្ពុជា ក៏បានដាក់ចេញនូវគោលនយោបាយជាច្រើន ដូចជា គោលនយោបាយម៉ាក្រូប្រុងប្រយ័ត្ន និងការដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធឌីជីថល ជាពិសេសប្រព័ន្ធទូទាត់បាគង ដែលមិនត្រឹមតែត្រូវបានប្រើប្រាស់ជាប្រព័ន្ធទូទាត់ប៉ុណ្ណោះទេ ថែមទាំងបានប្រើប្រាស់ជាសូចនាករនៃលំហូរសាច់ប្រាក់របស់សហគ្រាសធន់តូច និងមធ្យមសម្រាប់ការវាយតម្លៃផ្នែកឥណទាន ដែលនេះជាជំហានថ្មីមួយ សម្រាប់វិស័យធនាគារនៅកម្ពុជា។

ទន្ទឹមនេះ លោកជំទាវ ក៏បានគួសបញ្ជាក់អំពីតួនាទីរបស់ក្រុមហ៊ុនក្រេឌីតប៊ុយរ៉ូកម្ពុជា ក្នុងការជួយលើកកម្ពស់ប្រសិទ្ធភាពនៃការវិភា​គឥណទាន របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលជាចំណែកមួយនៃវិធានការពារនិងរក្សាស្ថិរភាពហិរញ្ញវត្ថុ។ លោកជំទាវ ទេសាភិ បាល ក៏បានលើកឡើងពីសារៈសំខាន់ នៃកិច្ចសហការរបស់ធនាគារជាតិនៃកម្ពុជាជាមួយក្រសួង- ស្ថាប័នរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍនានាផងដែរ។

បន្ថែមពីនេះ លោកជំទាវទេសាភិបាល ក៏បានឡើងពីការរួមចំណែករបស់ធនាគារពិភពលោក ក្នុងការអភិវឌ្ឍវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា ហើយធនាគារជាតិនៃកម្ពុជា ក៏នឹងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយធនាគារពិភពលោក និងដៃគូអភិវឌ្ឍនានាផងដែរ ស្របតាមតម្រូវការនិងបរិបទរបស់កម្ពុជា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here