ដោយៈ និស្ស័យ
ភ្នំពេញៈ លោកបួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការលើភាពជាដៃគូយុទ្ធសាស្ត្រ រវាងក្រសួងពាណិជ្ជកម្ម និងធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA Bank) និងការដាក់ឱ្យប្រើប្រាស់ការទូទាត់ប្រាក់ តាមប្រព័ន្ធអនឡាញ សម្រាប់ប្រព័ន្ធតម្កល់លិខិតជូនដំណឹង នៃប្រតិបត្តិការដែលមានកិច្ចធានា (SETFO)។
អនុស្សរណៈនេះ មានគោលបំណងជំរុញ និងផ្ដល់ការគាំទ្រក្នុងរូបភាពផ្សេងៗនូវសហប្រតិបត្តិការ លើភាពជាដៃគូយុទ្ធសាស្រ្ត ដើម្បីចូលរួមលើកកម្ពស់ ការអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែរស់រវើក និងស្របតាមគោលនយោបាយ និងនិន្នាការជាតិ។
ជាមួយគ្នានេះដែរ ក្រសួងពាណិជ្ជកម្ម បានសហការជាមួយ ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ (ABA Bank) ក្នុងការតភ្ជាប់ការទូទាត់ប្រាក់តាមប្រព័ន្ធអនឡាញ ជាលើកដំបូង សម្រាប់ប្រព័ន្ធSETFO ក្នុងគោលបំណងផ្ដល់ភាពងាយស្រួល បន់បែន ឆាប់រហ័ស និងមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ SETFO ព្រមទាំងធានាបាននូវប្រសិទ្ធភាព ក្នុងការផ្ដល់សេវាសាធារណៈ របស់ក្រសួងពាណិជ្ជកម្មជូនប្រជាពលរដ្ឋ។
កិច្ចសហការនេះ នឹងជួយសម្រួលដល់អ្នកប្រើប្រាស់ប្រព័ន្ធ SETFO អាចបង់កម្រៃសេវាសាធារណៈ សម្រាប់ការប្រើប្រាស់ប្រព័ន្ធនេះ តាមរយៈ ABA Mobile Appរបស់ខ្លួន ដោយពុំចាំបាច់មកបង់ប្រាក់ដោយផ្ទាល់ នៅក្រសួងពាណិជ្ជកម្មឡើយ៕