លោកបណ្ឌិត ឡាយ សុខហេង ឧបការីទេសាភិបាល និងជាអគ្គនាយកបទប្បញ្ញត្តិនិងបរិយាបន្នហិរញ្ញវត្ថុធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានចូលរួមជាអធិបតីថ្លែងសុន្ទរកថាស្វាគមន៍ក្នុងសិក្ខាសាលាស្តីពី “កាតព្វកិច្ចរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងការជ្រើសរើសនិយោជិតជាជនពិការ”

លោកបណ្ឌិត ឡាយ សុខហេង ឧបការីទេសាភិបាល និងជាអគ្គនាយកបទប្បញ្ញត្តិនិងបរិយាបន្នហិរញ្ញវត្ថុធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានចូលរួមជាអធិបតីថ្លែងសុន្ទរកថាស្វាគមន៍ក្នុងសិក្ខាសាលាស្តីពី “កាតព្វកិច្ចរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងការជ្រើសរើសនិយោជិតជាជនពិការ” នាថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ។

សិក្ខាសាលានេះត្រូវបានសហការរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា និងក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា ក្នុងគោលបំណងផ្សព្វផ្សាយច្បាប់ ស្តីពី “កិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ” ឱ្យបានកាន់តែទូលំទូលាយ សំដៅរួមចំណែកជំរុញឱ្យភាគីពាក់ព័ន្ធចូលរួមអនុវត្ត និងផ្សព្វផ្សាយពីសិទ្ធិការពារ និងលើកកម្ពស់សិទ្ធិជនពិការ។ សិក្ខាសាលានេះមានការចូលរួមពីមន្ត្រីធនាគារជាតិនៃកម្ពុជា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មូលនិធិជនពិការ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី និងក្រុមហ៊ុនសវនកម្មសរុបប្រមាណ ៦៥០រូប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គួររំលេចថា ច្បាប់ស្តីពី “កិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ” ត្រូវបានអនុម័តនៅឆ្នាំ២០០៩ និងមានគោលបំណង៖ ១/- ការពារសិទ្ធិសេរីភាពរបស់ជនពិការ ២/- ការពារផលប្រយោជន៍ជនពិការ ៣/- ទប់ស្កាត់ កាត់បន្ថយ និងលុបបំបាត់ការរើសអើងជនពិការ និង ៤/- ស្តារកាយសម្បទា សតិបញ្ញា និងវិជ្ជាជីវៈដើម្បីធានាលទ្ធភាពក្នុងការចូលរួមដ៏ពេញលេញ និងដោយស្មើភាពនៃជនពិការក្នុងសកម្មភាពនានារបស់សង្គម។ ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះជនពិការ និងសកម្មភាពទាំងឡាយណាដែលទាក់ទងនឹងជនពិការនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានវិសាលភាពអនុវត្តទាំងស្ថាប័នឯកជន រួមទាំងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងស្ថាប័នសាធារណៈ រួមទាំងធនាគារជាតិនៃកម្ពុជាផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here