ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ អ្នកពាក់ព័ន្ធសំខាន់ៗ មកពីស្ថាប័នត្រួតពិនិត្យហិរញ្ញវត្ថុ ធនាគារ មីក្រូហិរញ្ញវត្ថុ និងហិរញ្ញវត្ថុរបស់កម្ពុជាបានបើកសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយលទ្ធផលគម្រោង “ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍”។
គំនិតផ្តួចផ្តើមនេះរៀបចំឡើង ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការការពារអតិថិជន ដែលបង្កើតនិរន្ដរភាព ដល់សហគមន៍មូលដ្ឋាន ដោយផ្ដល់ឱ្យបុគ្គលម្នាក់ៗនូវបំណិនជីវិត សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងគ្រួសារ។
ការផ្ដោតលើការអប់រំសហគមន៍ជនបទអំពីសិទ្ធិ និងការទទួលខុសត្រូវ ផ្នែកហិរញ្ញវត្ថុដើរតួនាទីយ៉ាងសំខាន់ ក្នុងការកាត់បន្ថយហានិភ័យ នៃការក្លែងបន្លំ និងជួយពួកគេចៀសវាងការធ្លាក់ចូលទៅក្នុងបំណុលច្រើនពេក។
លោកស្រី ឌិត នីតា ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការរៀបចំប្រជាជនក្នុងស្រុកនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុ។
លោកស្រីបានថ្លែងថា “គម្រោងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើនបំណិនជីវិតក្នុងការគ្រប់គ្រង ចាត់ចែងលុយកាក់ក្នុងក្រុមគ្រួសារ ជួយឱ្យពលរដ្ឋនៅមូលដ្ឋានយល់ដឹងពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួនពាក់ព័ន្ធនឹងកម្ចី និងចៀសផុតពីការចាញ់បោក ផ្នែកហិរញ្ញវត្ថុក្នុងប្រការណាមួយ ឬជួយបញ្ចៀសនូវបំណុលច្រើនលើសលប់”។
លោកស្រី នីតា បានបន្ថែមថា តាមរយៈការពង្រឹងចំណេះដឹងដល់អាជ្ញាធរមូលដ្ឋាន និងអ្នកដឹកនាំសហគមន៍ គំនិតផ្តួចផ្តើមបង្កើតនូវឥទ្ធិពល នៃការចែករំលែកចំណេះដឹង ដោយធានាថា សូម្បីតែសហគមន៍ដាច់ស្រយាលបំផុត ក៏អាចទទួលបានការអនុវត្តហិរញ្ញវត្ថុ ប្រកបដោយសុវត្ថិភាពផងដែរ។
សិក្ខាសាលានេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសិក្សាបច្ចេកទេសធនាគារ ក្រោមអធិបតីភាពលោក យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា និងមានការចូលរួមពីឥស្សរជនមកពីវិស័យហិរញ្ញវត្ថុនានា។
លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានសម្ដែងការសាទរ ចំពោះសមិទ្ធផលដែលសម្រេចបានក្នុងការអនុវត្តសាកល្បងនៃគម្រោងនេះ ដែលបានលើកកម្ពស់ធុរកិច្ចធនាគារ ប្រកបដោយការទទួលខុសត្រូវ និងការលើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់ ព្រមទាំងការអបរំផ្នែកចំណេះដឹងហិរញ្ញវត្ថុ គឺជារបៀបវារៈស្នូលរបស់សមាគមធនាគារ នៅកម្ពុជា ព្រមទាំងសមាជិករបស់ខ្លួនផងដែរ៕