NPCCបើកវគ្គបណ្តុះបណ្តាលដើម្បីជម្រុញផលិតភាពនិងការប្រកួតប្រជែង

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ មជ្ឈមណ្ឌល​ផលិតភាព​ជាតិ​កម្ពុជា (NPCC) នៃ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​ចាប់​ផ្តើម​សិក្ខា​សាលា និង​វគ្គ​បណ្តុះ​បណ្តាល​រយៈពេល ១០​ថ្ងៃ ស្តីពី “ការធ្វើ​សវនកម្ម​ប្រព័ន្ធ​គ្រប់គ្រង”ក្នុង​គោល​បំណង​ជំរុញ​ផលិតភាព និង​ការ​ប្រកួតប្រជែង​ របស់​សហគ្រាស​កម្ពុជា។

កម្មវិធី​​ដែល​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី៣០ ខែសីហា គូស​បញ្ជាក់​អំពី​តួនាទី​សំខាន់ ​ដែល​សវនកម្ម​មាន​ប្រសិទ្ធភាព​​​ក្នុង​ការ​ធានា​ការ​អនុលោម ​តាម​ស្តង់ដា​​អន្តរជាតិ និង​ការ​កែ​លម្អ​ដំណើរការ​នៃ​ធុរកិច្ច​នៅ​កម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុង​ពិធី​បើក​សិក្ខា​សាលា​ លោក ភោគ សុវណ្ណរិទ្ធ រដ្ឋ​លេ​ខាធិការ​ក្រសួង និង​​ជា​នាយកAPO ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រសួង ​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​គុណភាព​ជាតិ​ដ៏​រឹងមាំ។

លោក​កត់​សម្គាល់​ថា ហេដ្ឋា​រចនា​សម្ព័ន្ធ​នេះ ​មាន​សារៈសំខាន់ ​សម្រាប់​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច ​របស់​ប្រទេស ដោ​យ​​ធានាថា ​សហគ្រាស​ក្នុង​ស្រុក​ អាច​បំពេញ​តាម​ស្តង់ដា​​អន្តរជាតិ ​ដូចជា ISO 9001, ISO 22000, ISO 14001 និង ISO 45001។

លោក សុវណ្ណរិទ្ធ បញ្ជាក់​ថា សហគ្រាស​សិប្បកម្ម​ដែល​អនុវត្ត​ប្រព័ន្ធ​គ្រប់គ្រង ​ពុំ​អាច​ប្រកាស​ដោយ​ខ្លួនឯង​ថា អនុវត្ត​ដោយ​ជោគជ័យ ឬ​អនុលោម​តាម​ស្តង់ដា​១០០ភាគរយ​ បាន​ទេ។ ប៉ុន្តែសវនករ​ឯករាជ្យ អាច​ដើរ​តួនាទី​សំខាន់ ប្រកាស​ថា ក្រុមហ៊ុន​បាន​អនុលោម​តាម Requirements របស់​ស្តង់ដា​បាន​កម្រិតណា។

លោក​បាន​បន្ថែមថា “សវនករ​ឯករាជ្យ​ខាងក្រៅ ពិតជា​សំខា​ន់ តែ​ក៏​ពឹង​លើសវនករ​ខាងក្នុង (Internal auditor) លើ​ការ តាមដាន វាយតម្លៃ​ប្រសិទ្ធភាព​នៃ​ការ អនុវត្ត​ប្រព័ន្ធ​ទាំងមូល​នៅ​​ក្នុង​ក្រុមហ៊ុន​ផងដែរ”។ លោកបន្ថែមថា “ជា​លទ្ធផល របាយការណ៍​សវនកម្ម​ច្បាស់លាស់ និង​សុក្រឹត នឹង​ជួយ​ក្រុមហ៊ុន​កែ លម្អ​ជា​បន្តបន្ទាប់ នូវ​ប្រព័ន្ធឬកម្មវិធីឬ​ប្រតិបត្តិការ​នានា នាំទៅរក​ផលិតភាព​កាន់តែ​ខ្ពស់”។

គោលបំណង​ចម្បង​របស់​សិក្ខា​សាលា រួមមាន​ការបង្កើន​សមត្ថភាព​មន្ត្រី​សាធារណៈ​ក្នុង​ការ​លើក​កម្ពស់​ការ​អនុវត្ត​ប្រព័ន្ធ​គ្រប់គ្រង​អន្តរជាតិ ការពង្រឹង​សមត្ថភាព​បុគ្គលិក NPCC ក្នុង​ការ​ផ្តល់​សេវា​សវនកម្ម និង​ការពង្រីក​ក្រុម​អ្នក​ប្រឹក្សា និង​គ្រូ​បណ្តុះបណ្តាល​ដែលមាន​សមត្ថភាព។

កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនេះ​ ត្រូវ​បាន​មើល​ឃើញ​ថា ​ជា​គន្លឹះ​ក្នុងការ​ធានាថា ​សហគ្រាស​កម្ពុជា ​មិន​ត្រឹម​តែ​អាច​អនុវត្ត​ប៉ុណ្ណោះ​ទេ ថែមទាំង​អាច​រក្សាបាន​នូវ​ស្តង់ដា​ខ្ពស់​ នៃ​ការ​អនុវត្ត​ការ​គ្រប់គ្រង​ផងដែរ។

លោកអ៊ុំ សេរីវុទ្ធ ប្រធាន​មជ្ឈមណ្ឌល​ផលិតភាព​ជាតិ (NPCC)  នៃ​ក្រសួង​ឧស្សាហកម្ម បាន​ពន្យល់​យ៉ាង​លម្អិត​អំពី​គោលដៅ​នៃ​សិក្ខាសាលា ​ក្នុងអំឡុងពេល​សុន្ទរកថា​របស់លោក​។​

លោក​បាន​និយាយ​ថា “​សិក្ខាសាលា​នេះ ​មាន​គោលបំណ​ង​ជួយ​ក្រុមហ៊ុន សហគ្រាស​ផលិត និង​អ្នកផ្តល់​សេវា​ឱ្យ​យល់​ពី​សារៈសំខាន់​នៃ​សវនកម្ម​គ្រប់គ្រង​ប្រព័ន្ឋ”។​

លោក​បាន​ពន្យល់ថា​ ផលិតភាព​ក៏​មាន​ន័យថា ការគ្រប់​គ្រង​ប្រព័ន្ធ​មួយ​ដោយ​ប្រើប្រាស់​ធាតុ​ចូល និង​ធនធាន និង​ធាតុ​ចេញ ​ឱ្យ​​មាន​ប្រសិទ្ធភាព នៃ​អង្គភាព​មួយ។​

លោក​បាន​លើកឡើង​ ពី​កិច្ចខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់​របស់ NPCC ក្នុងការ​លើក​កម្ពស់​ផលិតភាព​ នៅ​ទូទាំង​ប្រទេស​តាម​រយៈ​គំនិត​ផ្តួចផ្តើម​ផ្សេងៗ រួម​ទាំង​សិក្ខា​សាលា​បណ្តុះបណ្តាល សេវា​ប្រឹក្សា​យោបល់ និង​សន្និសីទ​ជាតិ និង​អន្តរជាតិ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here