អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃវិញនៅព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ បន្ទាប់ពីបានធ្លាក់ថ្លៃចុះយ៉ាងគំហុកមកជួញដូរនៅក្រោមតម្លៃ២.៤០០ដុល្លារក្នុងមួយអោនគិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃសុក្រសប្តាហ៍មុន។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៣២%ដល់២៤០៧,៦៤ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៤៥%ដល់២៤០៩,៩០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:១៥នាទីព្រឹក។
តម្លៃមាសនៅលើទីផ្សារអន្តរជាតិបានងើបឡើងវិញ បន្ទាប់ពីការចរចារបង្កើតកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សារវាងប្រទេសអុីស្រាអែល និងក្រុមហាម៉ាស់ បានបង្ហាញវឌ្ឍនភាពទៅមុខតិចតួច ខណៈដែលកងកម្លាំងអុីស្រាអែលបានប្រយុទ្ធជាមួយក្រុមយុទ្ធជនប៉ាឡេស្ទីននៅភាគខាងត្បូងទីក្រុង Rafah កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។
ម្យា៉ងវិញទៀត ភាពមិនច្បាស់លាស់ផ្នែកនយោបាយនៅសហរដ្ឋអាមេរិកបានបន្តកើតមានឡើង ក្រោយពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសដកខ្លួនចេញពីការប្រកួតប្រជែងតំណែងប្រធានាធិបតីនាខែវិច្ឆិកាខាងមុខ ដោយលោកបានគាំទ្រលោកស្រីអនុប្រធានាធិបតី Kamala Harris ជាបេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យ។
ជាមួយគ្នានេះ ក្រុមអ្នកវិនិយោគនៅតែមានសុទិដ្ឋិនិយមថា ធនាគារកណ្តាលអាមេរិក នឹងកាត់បន្ថយអត្រាការប្រាក់នៅខែកញ្ញាខាងមុខ ខណៈធនាគារនេះនឹងមិនរង់ចាំទ្រាំស្ងៀមរហូតទាល់តែអត្រាអតិផរណាធ្លាក់ចុះមកនៅត្រឹមគោលដៅក្នុងរង្វង់២ភាគរយរបស់ខ្លួននោះទេ។

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៩៧ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះដល់១០៤,៣០ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៤,៤០ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។
តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,២៩%ដល់២៩,៣៨ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,១៦%ដល់៩៧៥,៥០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានកើនឡើង១,០២%ដល់៩១១,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:២០នាទីព្រឹកថ្ងៃច័ន្ទនេះ៕
ដោយ: គង់ លាងហួរ







