ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះវិញ នៅព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ បន្ទាប់ពីបានងើបឡើងថ្លៃយ៉ាងគំហុកកាលពីថ្ងៃសុក្រសប្តាហ៍មុន ស្របពេលរបាយការណ៍ស្តីពីអត្រាអ្នកគ្មានការងារធ្វើនៅសហរដ្ឋអាមេរិក បានបង្កើនការរំពឹងទុកនៃការបញ្ចុះអត្រាការប្រាក់នៅខែកញ្ញាខាងមុខ។
តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៣៩%ដល់២៣៨២,០៤ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,២៧%ដល់២៣៩១,២០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:០៩នាទីព្រឹក។
យោងតាមរបាយការណ៍បានបង្ហាញថា អត្រាអ្នកគ្មានការងារធ្វើនៅសហរដ្ឋអាមេរិក បានកើនឡើងដល់៤,១%កាលពីខែមិថុនា ដែលជាកម្រិតខ្ពស់បំផុតគិតចាប់តាំងពីខែតុលា ឆ្នាំ២០២១ ហើយការណ៍នេះអាចជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់ក្រុមមន្ត្រីធនាគារកណ្តាលអាមេរិកលើគោលនយោបាយរូបិយវត្ថុរបស់ខ្លួន។
នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៧៥,៨ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៤,៩២ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះ។
តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ១,០៩%ដល់៣១,៣៤ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ០,៨៨%ដល់១០៣៦,៨០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ២,៦១%ដល់១០១២,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:១២នាទីព្រឹកថ្ងៃច័ន្ទនេះ៕