ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានកើនឡើងតិចតួចនៅថ្ងៃសុក្រនេះ ដោយសារក្រុមអ្នកវិនិយោគបង្ហាញក្តីសង្ឃឹមថា តម្រូវការប្រើប្រាស់ប្រេងឥន្ធនៈនៅរដូវក្តៅក្នុងសហរដ្ឋអាមេរិក អាចនឹងហក់ឡើងខ្លាំង គួបផ្សំនឹងការព្រួយបារម្ភអំពីបញ្ហានៃការផ្គត់ផ្គង់មួយចំនួន។
តម្លៃប្រេងឆៅ Brent futures ដែលបានកើនឡើង៧% ក្នុងរយៈពេល៤សប្តាហ៍ចុងក្រោយនេះបានធ្លាក់ចុះ២សេនមកនៅត្រឹម៨៧,៤១ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate futures ដែលបានកើនឡើង៩% ក្នុងរយៈពេល៤សប្តាហ៍កន្លងមកនេះ បានបន្តកើនឡើងដល់៨៣,៩៧ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0143 GMT។
យោងតាមរបាយការណ៍ពីក្រសួងការងារអាមេរិកបានបង្ហាញថា ចំនួនពលរដ្ឋអាមេរិក ដែលបានដាក់ពាក្យស្នើសុំជំនួយពីរដ្ឋាភិបាល ក្នុងអំឡុងពេលគ្មានការងារធ្វើ (Jobless claims)បានកើនឡើងចំនួន៤.០០០នាក់បន្ថែមទៀតឡើងដល់២៣៨.០០០នាក់ កាលពីសប្តាហ៍មុនដែលគិតត្រឹមថ្ងៃសៅរ៍ ទី២៩ ខែមិថុនាកន្លងទៅ។
នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៧៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះយ៉ាងគំហុកមកនៅត្រឹម១០៤,៩៨ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ។
ចំណែកឯ ការជួញដូរផ្សារហ៊ុននៅតំបន់អាស៊ីបានប្រឈមភាពមិនច្បាស់លាស់ នៅព្រឹកថ្ងៃសុក្រនេះ ខណៈក្រុមអ្នកវិនិយោគបានបង្កើនការរំពឹងទុកថា ធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់សរុបចំនួន០,៤៧ភាគរយនៅក្នុងឆ្នាំ២០២៤នេះ។
តាមរយៈការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុន បានធ្លាក់ថ្លៃចុះប្រមាណ០,០២ភាគរយគិតត្រឹមម៉ោង១០:២៩នាទីព្រឹក។
យ៉ាងណាមិញ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៣៤ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះប្រមាណ០,៩៥ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ១,០៥ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ១,០២ភាគរយ។
រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,១៤ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ១,២៤ភាគរយ៕