ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹង នៅព្រឹកថ្ងៃសុក្រនេះ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលរបាយការណ៍ចំនួនអ្នកមានការងារធ្វើក្រៅពីវិស័យកសិកម្មនៅសហរដ្ឋអាមេរិក ដែលគ្រោងចេញផ្សាយនៅត្រឹមម៉ោងសកល1230 GMT។
តួយ៉ាង តម្លៃមាស Spot Gold បានស្ថិតនៅទ្រឹងត្រឹម២៣៥៦,៣៨ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានស្ថិតនៅទ្រឹងត្រឹម២.៣៦៩ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:២៣នាទីព្រឹក។
យោងតាមរបាយការណ៍ពីក្រសួងការងារអាមេរិកបានបង្ហាញថា ចំនួនពលរដ្ឋអាមេរិក ដែលបានដាក់ពាក្យស្នើសុំជំនួយពីរដ្ឋាភិបាល ក្នុងអំឡុងពេលគ្មានការងារធ្វើ (Jobless claims)បានកើនឡើងចំនួន៤.០០០នាក់បន្ថែមទៀតឡើងដល់២៣៨.០០០នាក់ កាលពីសប្តាហ៍មុនដែលគិតត្រឹមថ្ងៃសៅរ៍ ទី២៩ ខែមិថុនាកន្លងទៅ។
នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៧៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះយ៉ាងគំហុកមកនៅត្រឹម១០៤,៩៨ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ។
តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,២%ដល់៣០,៧៨ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,០៧%ដល់១០១៤,១០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៨%ដល់១.០២៧ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:២៦នាទីព្រឹកថ្ងៃសុក្រនេះ៕