ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈប្រាក់ដុល្លារបានធ្លាក់ថ្លៃចុះ បន្ទាប់ពីទិន្នន័យបង្ហាញថា ទីផ្សារការងារនៅសហរដ្ឋអាមេរិកកំពុងដាំក្បាលចុះ ដែលការណ៍នេះអាចជួយបង្កើនការរំពឹងទុកនៃការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក(Fed) ។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១៥%ដល់២៣៥៩,៦០ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានស្ថិតនៅទ្រឹងត្រឹមជាង២.៣៦៧ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង១០:២៣នាទីព្រឹក។
យោងតាមរបាយការណ៍ពីក្រសួងការងារអាមេរិកបានបង្ហាញថា ចំនួនពលរដ្ឋអាមេរិក ដែលបានចូលមកដាក់ពាក្យស្នើសុំជំនួយពីរដ្ឋាភិបាល ដោយសារពួកគេពុំមានការងារធ្វើ បានកើនឡើងចំនួន៤.០០០នាក់បន្ថែមទៀតឡើងដល់២៣៨.០០០នាក់ កាលពីសប្តាហ៍មុនដែលគិតត្រឹមថ្ងៃសៅរ៍ ទី២៩ ខែមិថុនាកន្លងទៅ។
នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៧២,៦ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះយ៉ាងគំហុកមកនៅត្រឹម១០៥,៣១ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៥៧%ដល់៣០,៦៦ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,៣៧%ដល់១០១៧,១០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៩៩%ដល់១.០២៥ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:២៤នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ៕