ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ប្រទេសកម្ពុជាកាលពីថ្ងៃសៅរ៍ បានរាយការណ៍ពីការកើនឡើងយ៉ាងខ្លាំង នៃការនាំចេញរបស់ខ្លួនទៅកាន់ប្រទេសសមាជិកភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កាលពីឆ្នាំមុន បើទោះបីជាតម្រូវការសកលធ្លាក់ចុះក៏ដោយ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា កម្ពុជាបាននាំចេញផលិតផល ដែលមានតម្លៃ ៨,១៧ប៊ីលានដុល្លារទៅកាន់ប្រទេសសមាជិក RCEP ក្នុងឆ្នាំ២០២៣ ពោលគឺកើនឡើង ២៨,៨ ភាគរយធៀបនឹងឆ្នាំមុន។
របាយការណ៍បានបន្ថែមថា ទិសដៅនាំចេញកំពូលទាំងប្រាំរបស់ខ្លួន ក្រោមកតិកាសញ្ញាពាណិជ្ជកម្មដ៏ធំក្នុងតំបន់នេះ មានដូចជា វៀតណាម ចិន ជប៉ុន ថៃ និងសិង្ហបុរី។
កិច្ចព្រមព្រៀង RCEP មានប្រទេសសមាជិកចំនួន១៥ នៅអាស៊ី-ប៉ាស៊ីហ្វិក ដោយមានប្រទេសសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ចំនួន ១០ (អាស៊ាន) ដូចជា ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម និងដៃគូពាណិជ្ជកម្មចំនួន៥ រួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ែន សុវិជាតិ មានប្រសាសន៍ថា កិច្ចព្រមព្រៀង RCEP ដែលចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ គឺជាកត្តាជំរុញកំណើនការនាំចេញរយៈពេលវែង និងជាមេដែកដើម្បីទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើន មកកាន់កម្ពុជា។
លោកបានប្រាប់សារព័ត៌មានស៊ីនហួថា “កិច្ចព្រមព្រៀង RCEP គឺជាទីផ្សារដ៏ធំមួយ សម្រាប់ប្រទេសកម្ពុជា ដែលស្មើនឹង ៣៤,៦ភាគរយនៃការនាំចេញសរុបចំនួន២៣,៦ ប៊ីលានដុល្លាររបស់យើងក្នុងឆ្នាំ២០២៣”។
លោកបានបន្ថែមថា ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាជាមួយសមាជិក RCEP មានចំនួនលើសពី ២៩,៤ប៊ីលានដុល្លារកាលពីឆ្នាំមុន ដែលតំណាងឱ្យជាង៦១ភាគរយ នៃទំហំពាណិជ្ជកម្មសរុបរបស់ប្រទេស ចំនួន៤៨ប៊ីលានដុល្លារ។
លោក ប៉ែន សុវិជាតិ បានមានប្រសាសន៍ថា ទោះបីជាមានការកើនឡើងនូវលទ្ធិគាំពារនិយម និងការធ្លាក់ចុះនៃតម្រូវការសកលក៏ដោយ ក៏កិច្ចព្រមព្រៀងRCEP បានជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់ ដោយនាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់ប្រទេសសមាជិកទាំងអស់។
លោក ប៉ែន សុវិជាតិ ក៏បានបន្ថែមថា កតិកាសញ្ញាពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោកនេះ រួមជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីផ្សេងទៀត នឹងជួយកម្ពុជាឱ្យរួចផុតពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧។
លោកបានបន្ថែមថា វាក៏នឹងជួយកម្ពុជាឱ្យសម្រេចបាននូវគោលដៅរបស់ខ្លួន ក្នុងការក្លាយជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០៕