ការនាំចេញរបស់កម្ពុជាទៅកាន់សមាជិក RCEP កើនឡើងយ៉ាងខ្លាំង ទោះបីជាតម្រូវការសកលធ្លាក់ចុះ

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ប្រទេស​កម្ពុជា​កាលពី​ថ្ងៃសៅរ៍ ​បាន​រាយការណ៍​ពី​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​ នៃ​ការនាំចេញ​របស់​ខ្លួន​ទៅកាន់​ប្រទេស​សមា​ជិកភាព​ជា​ដៃគូ​សេដ្ឋកិច្ច ​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RC​E​P​) ​កាលពីឆ្នាំមុន​ ​បើ​ទោះបីជា​តម្រូវ​ការ​សកល​ធ្លាក់ចុះ​ក៏ដោយ​។​​

យោងតាមរបាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ​បាន​ឱ្យ​ដឹង​ថា​ ​កម្ពុជា​បាន​នាំចេញ​ផលិតផល ​ដែល​មាន​តម្លៃ ​៨​,​១​៧​ប៊ី​លាន​ដុល្លារ​ទៅកាន់​ប្រទេស​សមាជិក​ RC​E​P​ ​ក្នុង​ឆ្នាំ​២​០​២​៣​ ​ពោល​គឺ​កើន​ឡើង​ ​២​៨​,​៨​ ​ភាគរយ​ធៀប​នឹង​ឆ្នាំមុន​។​

​របាយការណ៍​បាន​បន្ថែម​ថា​ ​ទិសដៅ​នាំចេញ​កំពូល​ទាំង​ប្រាំ​របស់​ខ្លួន​ ក្រោម​កតិកាសញ្ញា​ពាណិជ្ជកម្ម​ដ៏​ធំ​ក្នុង​តំបន់​នេះ​ ​មាន​ដូចជា​ ​វៀតណាម​ ​ចិន​ ​ជប៉ុន​ ​ថៃ​ ​និង​សិង្ហបុរី​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចព្រមព្រៀង​ RC​E​P​ ​មាន​ប្រទេស​សមាជិក​ចំនួន​​១​៥​ ​នៅ​អាស៊ី​-​ប៉ាស៊ីហ្វិក​ ​ដោយមាន​ប្រទេស​សមាជិក ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ចំនួន​ ​១​០​ (​អា​ស៊ាន​) ​ដូចជា​ ប្រ៊ុ​យ​ណេ ​កម្ពុជា​ ​ឥណ្ឌូ​នេ​ស៊ី​ ​ឡាវ​ ​ម៉ាឡេស៊ី​ ​មី​យ៉ា​ន់​ម៉ា​ ​ហ្វីលីពីន​ ​សិង្ហបុរី​ ​ថៃ​ ​និង​វៀតណាម​ ​និង​ដៃគូ​ពាណិជ្ជកម្ម​ចំនួន​៥​ ​រួម​មាន​ ​ចិន​ ​ជប៉ុន​ ​កូរ៉េ​ខាងត្បូង​ ​អូស្ត្រាលី​ ​និង​នូ​វែ​ល​សេ​ឡង់​។​

រដ្ឋលេខាធិការ​ ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ​លោក​ ​ប៉ែន​ សុ​វិជាតិ​ ​មានប្រសាសន៍ថា​ ​កិច្ចព្រមព្រៀង​ RC​E​P​ ​ដែល​ចូលជាធរមាន​នៅ​ថ្ងៃ​ទី​១​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​២​ ​គឺជា​កត្តា​ជំរុញ​កំណើន​ការនាំចេញ​រយៈពេល​វែង​ ​និង​ជា​មេដែក​ដើម្បី​ទាក់ទាញ​លំ​ហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​កាន់តែ​ច្រើន​ មកកាន់កម្ពុជា​។​

លោក​បាន​ប្រាប់​សារ​ព័ត៌មាន​ស៊ី​ន​ហួ​ថា​ “​កិច្ចព្រមព្រៀង​ RC​E​P​ ​គឺជា​ទី​ផ្សារ​ដ៏​ធំ​មួយ ​សម្រាប់​ប្រទេស​កម្ពុជា​ ​ដែល​ស្មើនឹង​ ​៣​៤​,​៦​ភាគរយ​នៃ​ការនាំចេញ​សរុប​ចំនួន​២​៣​,​៦​ ​ប៊ី​លាន​ដុល្លារ​របស់យើង​ក្នុង​ឆ្នាំ​២​០​២​៣​”​។​

លោក​បាន​បន្ថែម​ថា​ ​ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​កម្ពុជា​ជាមួយ​សមាជិក​ RC​E​P​ ​មាន​ចំនួន​លើស​ពី​ ២​៩​,​៤​ប៊ី​លាន​ដុល្លារ​កាលពីឆ្នាំមុន​ ​ដែល​តំណាង​ឱ្យ​ជាង​៦​១​​ភាគរយ ​នៃ​ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​ ​ចំនួន​​៤​៨​​ប៊ី​លាន​ដុល្លារ​។​

លោក​ ​ប៉ែន​ សុ​វិជាតិ​ ​បាន​មានប្រសាសន៍ថា​ ​ទោះបីជា​មានការ​កើន​ឡើង​នូវ​លទ្ធិ​គាំពារ​និយម​ ​និង​ការ​ធ្លាក់ចុះ​នៃ​តម្រូវ​ការ​សកល​ក៏ដោយ​ ​ក៏​កិច្ចព្រមព្រៀង​RC​E​P​ ​បាន​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ពាណិ​ជ្ជកម្ម​ ​និង​វិនិយោគ​ក្នុង​តំបន់​ ​ដោយ​នាំមក​នូវ​ផលប្រយោជន៍​យ៉ាង​ច្រើន​ដល់​ប្រទេស​សមាជិក​ទាំងអស់​។​

លោក​ ​ប៉ែន​ សុ​វិជាតិ​ ​ក៏បាន​បន្ថែម​ថា​ ​កតិកាសញ្ញា​ពាណិជ្ជកម្ម​ដ៏​ធំបំផុត​របស់​ពិភពលោក​នេះ​ ​រួម​ជាមួយនឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ផ្សេងទៀត​ ​នឹង​ជួយ​កម្ពុជា​ឱ្យ​រួចផុត​ពី​ស្ថានភាព​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២​០​២​៧​។​

លោក​បាន​បន្ថែម​ថា​ ​វាក៏នឹង​ជួយ​កម្ពុជា​ឱ្យ​សម្រេច​បាន​នូវ​គោលដៅ​របស់​ខ្លួន ​ក្នុង​ការ​ក្លាយ​ជា​ប្រទេស​ ដែល​មាន​ប្រាក់ចំណូល​មធ្យម​ក​ម្រិ​ត​ខ្ពស់​នៅ​ឆ្នាំ​២​០​៣​០​ ​និង​ជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២​០​៥​០​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here