ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុន VinaCapital Group បានឱ្យដឹងថា ថាមពលបៃតង គ្រឿងអេឡិចត្រូនិកsemiconductor ការថែទាំសុខភាព និងបច្ចេកវិទ្យាជាន់ខ្ពស់ គឺជាវិស័យ ដែលវៀតណាមទាក់ទាញចំណាប់អារម្មណ៍បំផុតពីវិនិយោគិនបរទេស។
លោក Don Lam នាយកប្រតិបត្តិ និងជាដៃគូស្ថាបនិករបស់ក្រុមហ៊ុនVinaCapital បានលើកឡើងពីវិស័យទាំងនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលធ្វើឡើងនៅខាងក្រៅសន្និសីទវិនិយោគិនឆ្នាំ២០២៣នៅទីក្រុងហូជីមិញ។
លោកបានកត់សម្គាល់ថា ការលើកកំពស់ទំនាក់ទំនងអាមេរិក-វៀតណាមនាពេលថ្មីៗនេះទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយបាននាំក្រុមហ៊ុន semiconductor របស់អាមេរិកជាច្រើនមកកាន់វៀតណាមដើម្បីស្វែងរកទីផ្សារ។
លើសពីនោះ ថ្មីនេះៗ ក្រុមហ៊ុន VinaCapital បានទទួលស្វាគមន៍ប្រតិភូរបស់ក្រុមហ៊ុនតៃវ៉ាន់ចំនួន៣០ ដែលបង្ហាញពីចំណាប់អារម្មណ៍កាន់តែខ្លាំងឡើងចំពោះឱកាសវិនិយោគនៅក្នុងទីផ្សារវៀតណាម។
លោក Andy Ho ប្រធានផ្នែកវិនិយោគរបស់ VinaCapital បានសង្កត់ធ្ងន់ថា ការវិនិយោគផ្ទាល់ពីបរទេសនៅវៀតណាមត្រូវបានគេរំពឹងថានឹងកើនឡើងដល់២០ទៅ២៥ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះ។
លោក Ho ក៏បានលើកឡើងពីកត្តាដែលគាំទ្រដល់កំណើនរយៈពេលវែងរបស់វៀតណាម ដូចជារចនាសម្ព័ន្ធប្រជាសាស្រ្តវិជ្ជមាន ការពង្រីកវណ្ណៈកណ្តាល និងការលើកកំពស់ភាពស្មុគស្មាញនៃផលិតផល “Made in Vietnam” ដែលទាក់ទាញការវិនិយោគពីក្រុមហ៊ុនធំៗដូចជា Samsung Apple និង Intel។
ទាក់ទងនឹងទស្សនវិស័យនៃទីផ្សារមូលបត្រវៀតណាម លោកស្រី Nguyễn Hoài Thu នាយកគ្រប់គ្រង និងជាប្រធានផ្នែកវិនិយោគនៅ VinaCapital បានកត់សម្គាល់ថា ទីផ្សារភាគហ៊ុនវៀតណាមបច្ចុប្បន្នផ្តល់នូវការវាយតម្លៃដ៏គួរឱ្យទាក់ទាញបើប្រៀបធៀបទៅនឹងសមភាគីក្នុងតំបន់។ លោកស្រីបានព្យាករថា ប្រាក់ចំណូលរបស់ក្រុមហ៊ុនដែលបានចុះបញ្ជី ហើយបានធ្លាក់ចុះដល់កម្រិតទាបនៅក្នុងត្រីមាសទី៤នៃឆ្នាំមុន នឹងស្ទុះងើបឡើងវិញបន្តិចម្តង៕