ការវិភាគៈមហាយក្សចិនចំណេញប្រាក់ច្រើនពាន់លានដុល្លារពីការនាំចូលប្រេងដែលជាប់ទណ្ឌកម្ម

ដោយៈ តែម សុខុម

សិង្ហបុរី: ប្រទេសចិនបានចំណេញប្រាក់ជិត១០ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំនេះតាមរយៈការសម្រុកទិញប្រេង ពីបណ្ដាប្រទេសដែលទទួលរងទណ្ឌកម្មរបស់លោកខាងលិច។ នេះបើយោងតាមការវិភាគរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដោយផ្អែកលើទិន្នន័យពីពាណិជ្ជករ និងអ្នកតាមដានកប៉ាល់។

សារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃពុធ ទី១១ ខែតុលា ថា ផលវិបាកនៃទណ្ឌកម្ម ដាក់ដោយសហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀតទៅលើប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងវេណេស៊ុយអេឡា បានធ្វើឱ្យធ្លាក់ចុះនូវថ្លៃដើមនាំចូលប្រេង សម្រាប់បណ្ដាក្រុមហ៊ុនចម្រាញ់ប្រេងក្នុងប្រទេសចិន ជាគូប្រជែងសេដ្ឋកិច្ចកំពូល ដែលជារឿយៗរិះគន់ការដាក់ទណ្ឌកម្ម “ជាឯកតោភាគី” បែបនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការវិភាគរបស់ទីភ្នាក់ងារព័ត៌មាន Reuters លើការចំណេញយ៉ាងសម្បើមរបស់ប្រទេសចិន ពីការទិញប្រេងពីប្រទេសជាប់ទណ្ឌ​កម្មទាំង៣ បានធ្វើការប្រៀបធៀប ទៅនឹងប្រេងដែលបណ្ដាក្រុមហ៊ុននាំចូលរបស់ចិន ទិញពីបណ្ដាប្រទេសផលិតប្រេង ដែលមិនរងទណ្ឌកម្ម។

ការទិញរបស់ប្រទេសចិន ក៏ជាប្រភពចំណូលដ៏សំខាន់សម្រាប់  រដ្ឋាភិបាលក្រុងមូស្គូ រដ្ឋាភិបាលក្រុងតេហេរ៉ង់ និងរដ្ឋាភិបាលក្រុងការ៉ាកាស ដែលសេដ្ឋកិច្ចនៃប្រទេសទាំងនេះ បានដាំក្បាលចុះដោយ​សារទណ្ឌកម្មរបស់លោកខាងលិច និងការធ្លាក់ចុះនៃការវិនិយោគ។

យោងតាមទិន្នន័យជាមធ្យម ដែលផ្តល់ដោយក្រុមហ៊ុនតាមដានកប៉ាល់ដឹកប្រេង Vortexa និង Kpler ឱ្យដឹងថា ប្រទេសចិន បានដឹកជញ្ជូនប្រេងឆៅ ចំនួន២,៧៦៥លានបារ៉ែលក្នុងមួយថ្ងៃ (bpd) តាមផ្លូវសមុទ្រពីប្រទេសអ៊ីរ៉ង់ រុស្ស៊ី និងវេណេស៊ុយអេឡា ក្នុងរយៈពេល៩ខែដំបូងដើមឆ្នាំ២០២៣។

ការវិភាគរបស់ទីភ្នាក់ងារព័ត៌មាន Reuters បានរកឃើញថា ប្រទេសទាំង៣នេះ បានគ្របដណ្ដប់១ភាគ៤ នៃការនាំចូលរបស់ប្រទេសចិន នៅចន្លោះខែមករា ដល់ខែកញ្ញា ដែលកើនឡើងពីប្រមា​ណ២១%ក្នុងឆ្នាំ២០២២ ដោយជំនួសជម្រើសពីតំបន់មជ្ឈិមបូព៌ា អាហ្វ្រិកខាងលិច និងអាមេរិកខាងត្បូង។

ទោះជាយ៉ាងណា ក្រសួងការបរទេសចិន មិនបានឆ្លើយតបទៅនឹងសំណើរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលសុំឱ្យធ្វើការឆ្លើយបំភ្លឺជុំវិញបញ្ហានេះឡើយ។

ផ្ទុយទៅវិញ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងនេះបានប្រ​កា​សជំហររបស់ខ្លួនជាថ្មីម្ដងទៀតថា រដ្ឋាភិបាលក្រុងប៉េកាំង ប្រឆាំងនឹងការដាក់ទណ្ឌកម្មជាឯកតោភាគី ហើយការធ្វើពាណិជ្ជកម្មជាប្រ​ក្រតីរបស់ប្រទេសចិន សមនឹងទទួលបានការគោរព និងការការពារ។

ទន្ទឹមនេះរដ្ឋបាលគយនៃប្រទេសចិន ក៏មិនបានឆ្លើយតបនឹងសំណើសុំការឆ្លើយបំភ្លឺនោះដែរ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here