ដោយៈ និស្ស័យ
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ លោកឌិត ទីណា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន Nishida Barley Processing Co., Ltd ដែលផ្តោតលើប្រភេទកែច្នៃ។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ ដែលក្រុមហ៊ុនមានគោលបំណងជំរុញការដាំដុះ «ដំណាំស្គួយ-Barley» នៅកម្ពុជា និងធ្វើការកែច្នៃនាំចេញទៅប្រទេសជប៉ុន។
ជាការឆ្លើយតប លោករដ្ឋមន្ត្រី បានណែនាំថា អាទិភាពនៃការអភិវឌ្ឍកសិកម្មនៅកម្ពុជា គឺជំរុញកសិផលដែលមានសក្តានុពល និងមានទីផ្សារស្រាប់ ដើម្បីធ្វើឱ្យកសិករមានប្រាក់ចំណូល និងមានជីវភាពល្អប្រសើរជាងមុន។ កម្ពុជាមានភាពខ្លាំងរបស់ខ្លួន លើដំណាក់កាលផលិតកម្ម និងការដាំដុះនៃច្រវាក់ផលិតកម្ម តែនៅត្រូវការចាំបាច់ច្រើន នូវការវិនិយោគលើការកែច្នៃ ដែលមានតម្លៃបន្ថែមខ្ពស់ ជាពិសេសសម្រាប់ទីផ្សារនាំចេញ។
លោករដ្ឋមន្ដ្រីឌីត ទីណាបានបន្តថា បើចង់ជំរុញឱ្យកសិករដាំដុះដំណាំប្រភេទថ្មី ចាប់យកទីផ្សារថ្មី បង្កើតច្រវាក់ផលិតកម្មថ្មី លុះត្រាតែក្រុមហ៊ុនអាចធានា ឱ្យបាននូវនិរន្តរភាពនៃទីផ្សារធំ ទូលំទូលាយ និងអាចផ្តល់ប្រាក់ចំណេញយូរអង្វែង ទើបមានការចូលរួមពីកសិករ។
ទោះជាយ៉ាងណា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅតែផ្តល់ការសហការគាំទ្រ និងសិក្សាបន្តទៀតសម្រាប់ការវិនិយោគដំណាំកសិកម្មថ្មីៗនៅកម្ពុជា៕







